ព័ត៌មានជាតិ

ចាប់ឃាតកបានហើយ! ករណីឃាតកម្ម ប្ដីកាប់សម្លាប់ប្រពន្ធខ្លួនឯងយ៉ាងព្រៃផ្សៃ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំៈ ជនល្មើស ក្នុងអំពើឃាតកម្មកាប់សម្លាប់ប្រពន្ធខ្លួនឯងយ៉ាងឃោរឃៅ កាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចតាមចិញ្ចើមផ្លូវជាតិលេខ៧ មុខផ្ទះឈ្មោះ សំ សឿន ភេទប្រុស ភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ពេលនេះ សមត្ថកិច្ចនគរបាលជំនាញ បានធ្វើការបង្ក្រាបបានហើយ។

ជនសង្ស័យឈ្មោះ ភាព ម៉ាយ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុក/ខេត្តត្បូងឃ្មុំ (ឃាត់ខ្លួន)។ ជនរងគ្រោះ ឈ្មោះ ជុំ ធារី ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធ ត្រូវបានប្ដីយកកាំបិតប៉័ងតោដេញកាប់ចំកចំនួន៤កាំបិត ផ្នែកខាងឆ្វេង បណ្ដាលឲ្យស្លាប់។

មូលហេតុ៖ ទំនាស់ពាក្យសម្តីក្នុងគ្រួសារ ធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់។

លុះដល់ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៦ និង២០នាទីកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងវរសេនាតូចគាំទ្រ កាំភ្លើងធំ(យោធភូមិ២) ប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោទិ៍ទី២ ធ្វើការស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចលើផ្លូវក្រាលកៅស៊ូ ភូមិទឹកចេញ ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខណ:ជនសង្ស័យ បម្រុងឡើងជិះរថយន្តឈ្នួល ទៅខេត្តសៀមរាប។

ជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីចងក្រងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់តាមនីតិវិធី៕

មតិយោបល់