ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តព្រុស បានបុកជាមួយនឹងរថយន្តដឹកដី រួចបន្តទៅបុកម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យមនុស្ស២នាក់ស្លាប់នៅនឹងកន្លែង និង៣នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២១១-២១២ ស្ថិតនៅក្នុងភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង បន្ទាប់ពីមាន រថយន្តម៉ាកព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-9795 ជិះគ្នាចំនួន៣នាក់ មានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ បុកប៉ះនឹងរថយន្តបែនដឹកដីមួយគ្រឿង មានទិសដៅបញ្ច្រាសគ្នា រួចបន្តទៅប៉ះនឹងម៉ូតូ១គ្រឿងទៀតជិះគ្នា ២នាក់ប្តីប្រពន្ធ បណ្តាលឲ្យបុរស២នាក់ ដែលជាភាគីខាងរថយន្តព្រុស ស្លាប់នៅនឹងកន្លែងកើតហេតុ និងមនុស្ស៣នាក់ទៀតរងរបួសធ្ងន់ ក្នុងនោះមានភាគីខាងម៉ូតូ២នាក់ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាព៨៨៨ក្រុងព្រះសីហនុ។
ក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចបានចុះមកវាស់វែងនាំយករថយន្តទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕
មតិយោបល់