ព័ត៌មានជាតិ

ក្មេងប្រុសអាយុទើប៣ឆ្នាំ ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់រន្ធត់ណាស់!

ភ្នំពេញ: កាលពីវេលាម៉ោង៦ ល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅផ្ទះលេខ៣៤ផ្លូវបេតុង ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ មានករណីក្មេងប្រុសម្នាក់ ត្រូវចរន្តអគ្គិសនីឆ្លងឆក់ស្លាប់ភ្លាមៗ។

ជនរងគ្រោះឈ្មោះ លាង រាជរិទ្ធិពង្ស អាយុ៣ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

ប្រភពពីឪពុកជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុគាត់កំពុងអង្គុយជជែកគ្នាលេង នៅមុខផ្ទះជាមួយអ្នកជិតខាង និងបងប្អូន ដោយប្រពន្ធគាត់ បានអង្គុយបញ្ចុកបាយកូនប្រុស (ជនរងគ្រោះ)។

លុះមួយសន្ទុះក្រោយមក ប្រពន្ធគាត់ បានដើរចូលទៅក្នុងផ្ទះបំណងដួសទឹក យកមកឲ្យកូន ពេលមកវិញស្រាប់តែបាត់កូន ទើបដើរទៅរកដល់ខាងក្រោយផ្ទះឃើញកូនប្រុស ដេកដួលបាត់មាត់បាត់កទៅហើយ។

ភ្លាមៗនោះ ប្រពន្ធគាត់បានស្ទុះទៅបីត្រកងកូន ទើបដឹងថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ ដោយតាមការសន្និដ្ឋានអ្នកជិតខាងថាបង្អូចដែក បានឆ្លងចរន្តអគ្គិសនី ពេលក្មេងប្រុសរងគ្រោះទៅតោង ក៏បណ្តាលឱ្យឆក់តែម្តង។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យមើលជាក់ស្តែង រកឃើញថាជនរងគ្រោះ ពិតជាមានឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ប្រាកដមែន រួចក៏ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់