ព័ត៌មានជាតិ

ករណីរឿងប្រពន្ធស្នងការរងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពង់ស្ពឺ ព្រួតគ្នាវាយទៅលើនារីម្នាក់ ដែលមានផ្ទៃពោះជិតគ្រប់ខែ ពេលនេះចេញបំភ្លឺហើយ

កំពង់ស្ពឺៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានសូមធ្វើការបំភ្លឺ ជូនសាធារណៈ ជនជនរួមជាតិទាំងអស់មេត្តាជ្រាបថា ថ្មីៗនេះមានគេហទំព័របណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ សមាគមទ្រទ្រង់ចាស់ជរា និងទុរគតជន បានបន្ដចុះផ្សាយ និងមានការចែកចាយShare ពីមួយទៅមួយនូវរឿងរ៉ាវមួយ ដែលបានកើតឡើងតាំងពីអំឡុងឆ្នាំ២០១៦(March,6,2016) ដោយបង្ហោះព័ត៌មានមួយ ពាក់ព័ន្ធរឿងរ៉ាវថា ប្រពន្ធនគរបាលម្នាក់ ឈ្មោះ ភោគ សម្បិត្ត ហៅធូ តួនាទីជាស្នងការរងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺថា បានព្រួតគ្នាវាយទៅលើនារីម្នាក់ ឈ្មោះនូ ដែលមានផ្ទៃពោះជិតគ្រប់ខែ កើតឡើងនៅក្នុងផ្សាកំពង់ស្ពឺ។

ទាក់ទងរឿងរ៉ាវខាងលើស្នងការដ្ឋាននគរបាលខេត្ត សូមគោរពអនុញ្ញាតិ និងជម្រាបជូនថា ករណីនេះ មិនជាប់ពាក់ព័ន្ធ និងអំណាចបុណ្យស័ក្កិរបស់លោកវរសេនីយ៍ទោ ភោគ សម្បិត្ត ហៅធូ បច្ចុប្បន្នជានាយការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រមិនមែនជាស្នងការរងដូចការផ្សាយនោះទេ បញ្ហានេះ គឺជារឿងចែកដាច់ពីគ្នាទាំងស្រុង ប្ដីនិងប្រពន្ធ (នីតិវិធីច្បាប់) បុគ្គលម្នាក់ប្រើហិង្សាទៅលើអ្នកដទៃ ដោយឲ្យអ្នកដទៃ/ប្ដីជាអ្នកទទួលខុសត្រូវ និងទទួលទោសកំហុសជំនួស គឺមិនបាននោះទេជា(នីតិជន) លើកលែងតែបុគ្គលនោះ ស្ថិតក្រោមការគ្រប់គ្រងរបស់អាណាព្យាបាល ដែលច្បាប់តម្រូវអោយសិទ្ធក្នុងការទទួលខុសត្រូវ។

យោងតាមការរៀបរាប់ពីឈ្មោះ កឹម សោភ័ណ្ឌ ត្រូវជាប្រពន្ធលោកវរសេនីយ៍ទោ ភោគ សម្បិត្តថា ករណីនេះ គឺកើតឡើងតាំងពីអំឡុងឆ្នាំ២០១៦ម្ល៉េះ ក្រោយកើតហេតុភាគីទាំងពីបានធ្វើការសម្របសម្រួល បញ្ចប់បញ្ហាទំនាស់រវាងគូភាគីទាំងសងខាង នៅស្ថាប័នមានសមត្ថកិច្ចចប់សព្វគ្រប់រួចអស់ហើយ។

ដោយមានទាំងកិច្ចសន្យាព្រមព្រៀង ជាលាយលក្ខណ៍អក្សរយល់ព្រមរៀងៗខ្លួនផងដែរ រឿងនេះគ្រាន់តែជាការយល់ច្រឡំរវាងគ្នា និងគ្នាប៉ុណ្ណោះ ដើមហេតុបណ្ដាលមកពីមាត់ចាបមាត់ព្រាប នាំពាក្យមិនច្បាស់ (ពាក្យចចាមអារ៉ាម) រហូតដល់មានការបរិហារកេរ្ដិ៍គ្នាទៅវិញទៅមក បង្កទៅជាអំពើហិង្សាតែម្ដង ។

ជាការពិតរឿងរ៉ាវទាំងនោះ មិនមានលក្ខណៈធ្ងន់ធ្ងរដូចការបង្ហោះព័ត៌មាន តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សមាគមទ្រទ្រង់ចាស់ជរា និងទុរគតជននោះទេ ទោះបីមានការថតសំទ្បេងពីសំណាក់នារីម្នាក់ ដែលបានធ្វើអត្ថាធិប្បាយបន្ថែមលើបញ្ហា ដែលបានកើតឡើងនេះក៏ដោយ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ មិនធ្វើការបកស្រាយបន្ថែមជុំវិញរឿងរ៉ាវទំនាស់បុគ្គលឯកជននោះទេ អាស្រ័យហេតុនេះ សូមទុកតួនាទីជូនភាគីទាំង២ពិចារណា តាមទិដ្ឋភាពច្បាប់ និងការផ្សះផ្សាដំណោះស្រាយក្រៅប្រព័ន្ធតុលាការ។

ចំពោះលោកវរសេនីយ៍ទោភោគ សម្បិត្ត នាយការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ក្នុងករណីមានការរកឃើញថា ពិតជាមានកំហុសក្នុងការរួមគំនិត ដោយផ្ទាល់ក្នុងបទល្មើសណាមួយនោះ ភាគីអាចធ្វើការប្ដឹងចំពោះបុគ្គលនោះ តាមនីតិវិធីច្បាប់ទៅស្ថាប័ន មានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បាន ដោយការប្រើសិទ្ធបុគ្គលផ្ទាល់ខ្លួន៕

ហេតុនេះស្នងការដ្ឋាននគរបាលខេត្ដ សូមរក្សាសិទ្ធក្នុងការឆ្លើយតប ជូនសាធារណៈជនមេត្តាជ្រាប កុំឲ្យមានការយល់ច្រឡំណាមួយមកលើស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ពិសេសពាក់ព័ន្ធស្ថាប័ន ប្រតិបត្តិច្បាប់មួយនេះ៕

មតិយោបល់