ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបម៉ាក ALPHARD ស្លាកលេខ ភ្នំពេញ 2AQ-0333បុកកម្មករសំណង់អូសជាង ១០ម៉ែត្រ

ភ្នំពេញៈ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៥០នាទីរសៀល យុវជនជាកម្មករសំណង់ពីរនាក់បងប្អូន បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលពួកគេជិះម៉ូតូម៉ាក SUZUKI Nex មួយគ្រឿងឌុបគ្នា ហើយត្រូវរថយន្តស៊េរីទំនើបម៉ាក ALPHARD ស្លាកលេខ ភ្នំពេញ 2AQ-0333 មួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿន ក្នុងបំណងចូលទៅកោះពេជ្រ បុកពេញទំហឹងអូសជាង១០ម៉ែត្រ ធ្វើឲ្យពួកគេប៉ើងដូចស្លឹកកណ្តប់ ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ត្រង់ចំណុចផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ជនរងគ្រោះទី១ឈ្មោះ លន់ សួន អាយុ ២២ឆ្នាំ ទី២ឈ្មោះ ឆាល សុភ័ណ្ឌ អាយុ ១៨ឆ្នាំ (ជាបងប្អូនបង្កើតនឹងគ្នា) ពួកគេមានមុខរបរជាកម្មករសំណង់​និងមានទីលំនៅឯខេត្តកំពង់ឆ្នាំងជាមួយគ្នា។ អ្នកបើកបររថយន្តបង្កមានឈ្មោះ យឹម សេដ្ឋា អាយុ ៣៩ឆ្នាំ មានទីលំនៅផ្ទះលេខ១៥ ផ្លូវលេខ២៤BT ភូមិសន្សំកុសល២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅស្រុកគងពិសីខេត្តកំពង់ស្ពឺ។

ដំណើររឿង៖ មុនពេលកើតហេតុយុវជនជាជនរងគ្រោះទាំង២នាក់បងប្អូន បានជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI nex ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H-0961 ជិះឌុបគ្នាតាមបណ្តោយផ្លូវសប៊ិតក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមានរថយន្តម៉ាកខាងលើ បុកម៉ូតូរបស់យុវជនរងគ្រោះទាំងពីរនាក់ ពេញទំហឹងអូសជាង១០ម៉ែត្រ ប៉ើងយុវជនម្នាក់ទៅធ្លាក់លើខឿនចិញ្ចើមផ្លូវ និងយុវជនម្នាក់ទៀត ខ្ទាតទៅធ្លាក់លើស្មៅក្នុងសួនច្បារម្ខាងនៅក្បែរនោះ ធ្វើឲ្យពួកគេរងរបួសធ្ងន់តែម្តង។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះទៅដល់កន្លែងកើតហេតុ និងហៅរថយន្តសាមុយដឹកយកយុវជនរងគ្រោះទៅសង្គ្រោះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រួចធ្វើការវាស់វែង និងធ្វើការដោះស្រាយគ្នា ដោយភាគីខាងរថយន្តស៊េរីទំនើបម៉ាក ALPHARD ស្លាកលេខ ភ្នំពេញ 2AQ-0333 បង្កយល់ព្រមចេញសំណងថ្លៃព្យាបាលរបួសពួកគេចំនួន ៥០០ដុល្លារ និងយកម៉ូតូម៉ាក SUZUKI nex របស់ជនរងគ្រោះទៅធ្វើការជួសជុលឲ្យវិញ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុភ្លាមៗផងដែរ៕

មតិយោបល់