ព័ត៌មានជាតិ

អាសូរណាស់! ជនជាតិអាឡឺម៉ង់ម្នាក់មិនស្រួលខ្លួន ក៏សុំប្រពន្ធដេកកើយភ្លៅស្រាប់តែស្លាប់មួយរំពេច

ភ្នំពេញ: កាលពីវេលាម៉ោង១០និង១០នាទីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ មានករណីភ្ញាក់ផ្អើលមួយកើតឡើង ដោយជនបរទេសម្នាក់បានគាំងបេះដូងស្លាប់ គួរឲ្យអាណោចអធ័ម ហេតុការណ៍នេះកើតឡើង តាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចនៅភូមិអូដឹម សង្កាត់ចោម៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ ហៃ គមមីល័រ ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិអាឡឺម៉ង់ ស្នាក់ផ្ទះជួលកន្លែងកើតហេតុខាងលើ ចំណែកប្រពន្ធជនជាតិខ្មែរឈ្មោះ វ៉ា ផល្លា ភេទស្រី អាយុ ៤៥ឆ្នាំ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតភូមិច្រម្ទេស ឃុំកំប៉ូតប្រើស ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ដំណើររឿង៖ យោងតាមសំដីប្រពន្ធជនរងគ្រោះបានឲ្យដឹងថា រូបគាត់និងជនជាតិបរទេស បានយកគ្នាជាប្ដីប្រពន្ធបានបីឆ្នាំហើយ ទើបតែចេញពីកំពង់សោមមក ស្នាក់នៅផ្ទះជួលខាងលើបាន៦ខែ នៅយប់ថ្ងៃកើតហេតុរូបគាត់នឹងប្ដីបានចេញពីផ្ទះ ទៅលេងបងប្អូននៅហាងតន្ត្រីក្ដាមស្រែ ពេលទៅដល់បងប្អូនខាងប្រពន្ធបានឲ្យហូបស៊ុបសិន តែគាត់មិនបានហូបទេ ព្រោះប្រញាប់ទៅលេងម្ដាយនៅដូនកែវ ខេត្តតាកែវ ខណ:ចេញពីហាងវិញបម្រុងឡើងកង់បី ស្រាប់តែប្ដីរបស់គាត់មានអាការ:មិនស្រួលខ្លួន ទុនជើងរួចក៏សុំរូបគាត់ជាប្រពន្ធដេកកើយភ្លៅ ក៏ស្រាប់តែខ្យល់គរគាំងបេះដូងស្លាប់ភ្លាម។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះធ្វើកោសល្យវិច័យពិនិត្យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាខ្យល់គរគាំងបេះដូងស្លាប់ពិតប្រាដកមែន បច្ចុប្បន្ន សពជនជាតិបរទេសខាងលើ ត្រូវបានរថយន្តសាមុយដឹកយក ទៅតម្កល់ទុកនៅមន្ទីរពេទ្យរុស្សី ដើម្បីឲ្យសា្ថនទូតទាក់ទងទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់