ភ្នំពេញៈ ដើម្បីបង្កើនប្រសិទ្ធភាពអភិវឌ្ឍន៍ វិស័យទេសចរណ៍ស្របតាមកំណែទម្រង់ស៊ីជម្រៅ ក្រសួងទេសចរណ៍ប្រកាសឲអនុវត្តនូវស្តង់ដាថ្មីចំនួន៧ បន្ថែមទៀត គឺស្តង់ដាសណ្ឋាគារបៃតងកម្ពុជា, ស្តង់ដា MICE កម្ពុជា, ស្តង់ដាចំណាត់ថ្នាក់ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍, ស្តង់ដាមណ្ឌលព័ត៌មានទេសចរណ៍កម្ពុជា, ស្តង់ដាចំណាត់ថ្នាក់មណ្ឌលកម្សាន្តមនុស្សពេញវ័យ, ស្តង់ដាផ្ទះស្នាក់កម្ពុជា និងស្តង់ដាបង្គន់សាធារណៈកម្ពុជា។
ក្រោយពីសន្និបាតបូកសរុបលទ្ធផលការងារទេសចរណ៍ឆ្នាំ២០១៥ឆមាសទី១ ឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០១៦-២០១៧ រយៈពេល២ថ្ងៃបានបញ្ចប់ទៅ អង្គសន្និបាតបានវាយតម្លៃខ្ពស់ចំពោះការរៀបចំស្តង់ដាទាំងនេះ ជាការចូលរួមគាំទ្រដល់ចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ត្រូវបានចាត់ទុកជាយន្តការស្នូលមួយទ្រទ្រង់ដល់ការលើកកម្ពស់គុណភាពផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជា។
ព្រមទាំងសាទរចំពោះក្រសួងទេសក្នុងការគ្រប់គ្រងអភិវឌ្ឍទេសចរណ៍ ក្នុងនោះធ្វើប្រតិភូកម្មការផ្តល់អភិបាលកិច្ចមណ្ឌលកម្សាន្តមនុស្សពេញវ័យដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងបានទទួលស្គាល់នូវកង្វះនៃការយល់ដឹងជាសាធារណៈអំពីប្រភេទស្តង់ដានីមួយៗ កង្វះមធ្យោបាយហិរញ្ញវត្ថុទ្រទ្រង់ និងការចូលរួមរបស់វិស័យឯកជនក្នុងការអនុវត្តស្តង់ដាអនុវត្តស្តង់ដានីមួយៗ ដែលចំនុចទាំងនេះ ស្នើបង្កើនការបញ្ជ្រាបការយល់ដឹងជាសាធារណៈតាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព តាមប្រព័ន្ធផ្សព្វផ្សាយ តាមសាលារៀនជាដើម។ ពិសេសស្នើឱ្យសិក្សាអំពីរូបភាពមូលនិធិទ្រទ្រង់គុណភាពផលិតផលទេសចរណ៍មួយ ដោយឈរលើទស្សនទាន “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” ក្នុងភាពជាដៃគូរដ្ឋ-ឯកជន (PPP)។
លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា បានវាតម្លៃខ្ពស់ចំពោះកិច្ចខំខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័ន សង្គមស៊ីវិល និងប្រទេសដៃគូរ ដែលបានបំពេញការងារប្រកបដោយភាពជោគជ័យ និងទទួលបានលទ្ធផលគួរជាទីពេញចិត្តដូចសព្វថ្ងៃនេះ។
លោកស្រីឧបនាយករដ្ឋមន្រ្តី ស្នើឲ្យបន្តខិតខំអភិរក្សនិងបង្កើនផលិតផលថ្មីៗ បន្តពង្រឹងគុណភាពទេសចរណ៍ បន្តជំរុញការងារសិក្សាទីផ្សារ បន្តជម្រី្ចលនាទេសចរណ៍ក្នុងស្រុក បន្តពង្រឹងការផ្តល់ការប្រើប្រាស់បច្ចេកវិទ្យា (IT) បន្តជម្រុញការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរណ៍ បង្កើនការរក្សាសន្តិសុខ សុវត្ថិភាពទេសចរនិងអភិបាលកិច្ចក្នុងវិស័យនេះឱ្យបានកាន់តែមានប្រសិទ្ធភាព៕
មតិយោបល់