ក្រោយពីលោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌បង្ហាញមុខភរិយាក្រោយ សង្គ្រាមឌឺដងរវាងភរិយាមុន ដែលត្រូវគេស្គាល់ថា ជាម្ដាយរបស់ លោក ថៃ នរៈវិទូ និងភរិយាក្រោយ ត្រូវគេឃើញផ្ទុះឡើងកក្រើកហ្វេសប៊ុក។ ភាគីខាងភរិយាដើម បានចេញមុខបកអាក្រាតថា ភរិយាក្រោយរបស់លោក ថៃ នរៈវិទូ គឺជាប្អូនជីដូនមួយបង្កើតរបស់ខ្លួន ដែលអ្នកស្រីធ្លាប់យកមកចិញ្ចឹមផ្គត់ផ្គង់ ប៉ុន្តែក្រោយមកក៏ឆក់ស្វាមីរបស់អ្នកស្រីយកដាច់មកទល់នឹងបច្ចុប្បន្ន។ អ្វីដែលគេកាន់តែចាប់អារម្មណ៍ គឺភរិយាលោកថៃ នរៈសត្យា បង្ហោះមួយឃ្លាទទួលស្គាល់ការចោទប្រកាន់នោះ។
អ្នកស្រី ងិន ម៉ានីយ៉ា អតីតភរិយាលោក ថៃ នរៈសត្យា បានបង្ហោះសារកាលពីថ្ងៃទី១៧ មិថុនា ឆ្នាំ២០១៩ បន្ទាប់ពីលោក ថៃ នរៈសត្យា សំពះផ្ទឹមបង្ហាញមុខភរិយាក្រោយថា “កាលពី ២៤ឆ្នាំមុន នៅពេលនេះម៉ាក់បានប្រសូតកូនស្រីម្នាក់(ថៃ នារីសុជាតា) ដែលស្អាតគួរជាទីស្រឡាញ់របស់គ្រួសារ បងប្រុសកូនទាំងពីរនាក់សើចញញឹមប្រលែងនឹងកូនមិនទៅណាឆ្ងាយពីអូនឡើយ ព្រោះខ្លាចមានគេមកដណ្ដើមយកកូនទៅ ព្រោះតែមានចាស់ៗជន្លលេងថា យកប្អូនហើយយកៗ ហេតុនេះទើបបងប្រុសកូនទាំងពីរមិនទៅណាឆ្ងាយពីកូនទេគឺនៅយាមអង្រឹងកូនម្ខាងម្នាក់..😘😘😘
ម៉ាក់សប្បាយចិត្តខ្លាំងណាស់ទោះបីម៉ាក់ ស្ថិតនៅក្នុងភាពល្វើយខ្សោយអស់កម្លាំងយ៉ាងណាក៏ដោយក៏មានកម្លាំងចិត្ត នឹងមានសុភមង្គលបំផុតព្រោះតែមានកូនប្ដីនៅជុំគ្នា..❤️❤️❤️
ពេលនោះប៉ារបស់កូនៗល្អខ្លាំងណាស់គឺជាឪពុកម្នាក់ដែលស្រលាញ់ប្រពន្ធស្រឡាញ់កូនស្រឡាញ់ក្រុមគ្រួសារគួរជាទីឲ្យគោរពជាទីបំផុត ។
ប៉ុន្តែបន្ទាប់ពីកូនធំបន្តិចមកម៉ាក់ក៏បានទៅជួបគ្រួសារម្ដាយមីងបង្កើតគឺ ប្អូនរបស់ម្ដាយម៉ាក់បង្កើតរស់នៅឯកំពង់ឆ្នាំង.. ដោយសារម៉ាក់យាយកូនគាត់ទាមទាររកប្អូននឹកប្អូនគាត់ខ្លាំងពេកម៉ាក់ ក៏តាមដើរស្វែងរករហូតទើបជួបគ្រួសារមួយនោះហើយក៏នាំយកចូលផ្ទះ. ទីបំផុតកូនដឹងហើយដូចសព្វថ្ងៃនេះ ស្រីម្នាក់នោះសាហាវខ្លាំងបំផុត គឺគេមិនបានគិតពីក្រុមគ្រួសារយើងទេ វានៅក្មេងសោះហើយមានប្ដីទៀតបែរជាលួចសហាយស្មន់នឹងគ្នានៅលើផ្ទះម៉ាក់..ទីបំផុតអ្វីៗដូចសព្វថ្ងៃនេះ💔”។ ជាមួយនឹងការបង្ហោះនេះ ធ្វើឲ្យពាក្យសរសើរចំពោះលោក ថៃ នរៈសត្យា និងភរិយាក្រោយ ប្រែក្លាយជាការរិះគន់កក្រើកហ្វេសប៊ុក ខណៈដែលអ្នកលេងហ្វេសប៊ុកមិនតិចនោះទេ រំលេចសំណេរថា បើទោះជាអស់និស្ស័យនឹងភរិយា ក៏លោក ថៃ នរៈសត្យា មិនគួរបង្កាត់ភ្លើងស្នេហ៍ជាមួយប្អូនជីដូនមួយរបស់ប្រពន្ធតាំងពីនៅល្អូកល្អិនបែបនេះនោះដែរ។ អ្នកលេងហ្វេសប៊ុកបានទាំងរិះគន់ថ្នាក់ដឹកនាំរបស់ក្រសួងវប្បធម៌រូបនេះ ធ្វើមិនដូចទ្រឹស្ដី ដែលតែងទាមទារឲ្យតារាសិល្បៈគោរពភាពថ្លៃថ្នូរ និងកុំធ្វើឲ្យប៉ះពាល់តម្លៃសីលធម៌សង្គមនាពេលកន្លងមកនោះផង។ យ៉ាងណាក៏ដោយ គេមិនទាន់ជឿថា ការបង្ហោះបើកកកាយរបស់អ្នកស្រី ងិន ម៉ានីយ៉ា គឺជាការពិតទាំងស្រុងទេ ដោយទើបតែភរិយាក្រោយរបស់លោក ថៃ នរៈសត្យា បង្ហោះទទួលស្គាល់មុននេះប៉ុណ្ណោះ ទើបម្នាក់ៗស្រឡាំងកាំង។
អ្នកនាង ទេព សុធីតា ភរិយាក្រោយលោក ថៃ នរៈសត្យា ដែលប្រើហ្វេសប៊ុកឈ្មោះ Tep Sreythea បានសរសេរបង្ហោះថា “ខ្ញុំថែរក្សាបង ខ្ញុំនៅកំសត់ជាមួយបងអស់រយៈពេល ១២ឆ្នាំហើយ ខ្ញុំមិនដែលចង់បានឋានៈអ្វីនោះទេ ខ្ញុំសុំត្រឹមជាភរិយាដ៏ល្អ និងការរស់នៅដ៏សាមញមួយដូចគេដូចឯង ទោះបីបងជួ បព្យុះភ្លៀងយ៉ាងណាក៏ដោយ ក៏ខ្ញុំសូមសន្យាថានឹងមើលថែបងលុះអវសាន្ត……
ជូនពរបងមានសុខភាពល្អ អាយុយឺនយូរ ដើម្បីជា ម្លប់ដ៏កក់ក្តៅនៃខ្ញុំ និងកូនចៅរបស់បង ដែលគោរពស្រឡាញ់បង គ្មានរង្គៀសឡើយ…..”។ សារមួយល្បៈរបស់អ្នកនាង បង្កឲ្យផ្ទុះការចាប់អារម្មណ៍ភ្លាមៗ ដោយសារតែអ្នកស្រី ងិន ម៉ានីយ៉ា និងលោក ថៃ នរៈសត្យា ត្រូវគេដឹងថា ជាសាធារណៈថា បានលែងលះគ្នាផ្លូវការកាលពីឆ្នាំ២០១០ ដែលគិតមកដល់ពេលនេះ គឺតែ៩ឆ្នាំ ប៉ុន្តែអ្នកនាង ទេព សុធីតា បានសារភាពថា មានទំនាក់ទំនងជាមួយអតីតបងថ្លៃរបស់ខ្លួន រហូតដល់១២ឆ្នាំហើយ។ សាររបស់អ្នកនាង ទេព សុធីតា ហាក់ជាការទទួលស្គាល់ចំពោះការបើកកកាយរបស់អ្នកស្រី ងិន ម៉ានីយ៉ា ដែលអះអាងថា អ្នកនាង និង លោក ថៃ នរៈសត្យា បានទាក់ទងគ្នាតាំងពីមុនដំណឹងលែងលះ កើតឡើង។
នៅមិនទាន់ដឹងថា សង្គ្រាមពាក្យសម្ដីនឹងបន្តផ្ទុះក្រោយការបង្ហោះទទួលស្គាល់នេះ ឬ យ៉ាងណានោះទេ ប៉ុន្តែផ្អែកតាមហ្វេសប៊ុកផ្លូវការរបស់ លោក ថៃ នរៈសត្យា បានទម្លាយករណីបំផ្លាញទ្រព្យ និងសហាយស្មន់របស់អតីតភរិយា ចំណែកហ្វេសប៊ុក អ្នកស្រី ងិន ម៉ានីយ៉ា ប្រកាសប្ដឹងលោក ថៃ នរសត្យា ខណៈដែលលោក ថៃ នរៈសត្យា ត្រូវបានរាជរដ្ឋាភិបាលដកដំណែងពីរដ្ឋលេខាធិការក្រសួងវប្បធម៌៕
មតិយោបល់