ភ្នំពេញៈ កាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ មានជនសង្ស័យម្នាក់ ដើរស្មើរជើងមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីបុរសម្នាក់កំពុងឈរសែលហ្វី បានសម្រេចតែត្រូវប្រជាពលរដ្ឋជួយដេញចាប់ និងស្វាគមន៍ម្នាក់មួយដៃមួយជើងទើបប្រគល់ឲ្យសមត្ថកិច្ច ហេតុការណ៍នេះ កើតឡើងតាមបណ្ដោយផ្លូវព្រះស៊ីសុវត្តិ កែងនិងផ្លូវ១០៨ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ជនសង្ស័យឈ្មោះ មឿន ពុធសារ៉ាន់ ភេទប្រុស អាយុ ២២ឆ្នាំ មុនរបបមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិតាម៉ៅកណ្ដាល ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ជនរងគ្រោះមានឈ្មោះ ជាង នី អាយុ ៣៤ឆ្នាំ មុនរបបជាងឡាន ស្នាក់នៅម្ដុំស្តុបទេពផន ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក និងមានស្រុកកំណើតនៅឯស្រុកស្ទោង ខេត្តកំពង់ធំ។
ដំណើររឿង៖ មុនពេលកើតហេតុ រូបគាត់បានឈរចាំឡានក្រុងជិះ ដោយបានយកទូរស័ព្ទសែលហ្វីផងដែរ ខណៈពេលនោះក៏លេចមុខជនសង្ស័យម្នាក់ បានដើរស្មើរជើងដោយឃើញឱកាសល្អក៏ដើរមកក្បែរ រួចធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់គាត់បានសម្រេចតែម្ដង ភ្លាមៗគាត់ក៏បានស្រែកឆោឡោឡើងថា ចោរៗ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរជួយដេញចាប់បាន រួចស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច យកទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដើម្បីសួរនាំ និងជនរងគ្រោះក៏បានដាក់ពាក្យផងដែរ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ចូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់