ព័ត៌មានជាតិ

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆទប្រើប្រាស់ ត្រូវបានមន្រ្តីសាខាកាំកុងត្រូលខេត្តព្រះវិហារ ធ្វើការដកហូត នៅក្នុងផ្សារចំបក់សែនជ័យ

ព្រះវិហារ: យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថានៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះវិហារ ដោយមានការសហការចូលរួមពី មន្រ្តីមន្ទីពាណិជ្ជកម្មខេត្ត គណ:កម្មការផ្សារ និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅក្នុងផ្សារចំបក់សែនជ័យ ស្ថិតក្នងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលទំនិញផងដែរ ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញការដាក់តាំងលក់ទំនិញខូចគុណភាព ហួសកាលបរិច្ឆទប្រើប្រាស់ មួយចំនួនដូចជា៖
– មីកំប៉ុងចំនួន ០៤ កំប៉ុង ស្មើនឹង ០,២៤ គីឡូក្រាម
– ទឹកដោះគោឆៅចំនួន ២៣ កំប៉ុង ស្មើនឹង ៨,៤៨៧ លីត្រ
– ទឹករសជាតិចំនួន ០៣ ដប ស្មើនឹង ២,២៨ លីត្រ
– ទឹកត្រីចំនួន ០៧ ដប ស្មើនឹង ៥,២៥ លីត្រ
– ទឹកត្រី ចំនួន៥៧ដប ស្មើនឹង ១៧,១លីត្រ
– ទឹកក្រូច ចំនួន ០៤ ដប ស្មើនឹង ៦,៧៥ លីត្រ

បន្ទាប់មក មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ដើម្បីយកទៅដុតកម្ទេចចោលភ្លាមៗ តាមនីតិវិធី និងបានឱ្យអាជីវករធ្វើកិច្ចសន្យាបញ្ឈប់ការលក់ម្អូបអារហារមិនប្រក្រតីបន្តទៀត៕

 

មតិយោបល់