កំពង់ចាម: នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១និង០៣នាទី មានករណីភ្លើងឆេះផ្ទះ ស្ថិតក្នុងភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
បណ្ដាលអោយខូចខាតផ្ទះចំនួន ០១ខ្នង របស់ឈ្មោះ ហ៊ូ ហួយ ភេទស្រី អាយុ៦៣ឆ្នាំ មុខរបរលក់ដូរ ស្ថានភាព ផ្ទះឈើលើថ្មខាងក្រោម មាន៤បន្ទប់ ទំហំ ៧មx២២ម បណ្ដាលអោយខូចខាតផ្ទះទាំងស្រុង ។
ក្រោយពីទទួលព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការបានបញ្ជាអោយកម្លាំងនគរបាល បង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការនគរបាលខេត្តដឹកនាំដោយលោកស្នងការរងទទួលផែន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងនិងប៉ុស្តិ៍រដ្ឋបាលវាលវង់ព្រមទាំងប្រជាការពារ និងប្រជាពលរដ្ឋ សហការជួយពន្លត់ទប់ស្កាត់មិនអោយរីករាលដាលបន្តទៀត ។
ជាលទ្ធផលសមត្ថកិច្ចយើងបានពន្លត់រលត់អស់១០០% មិនបណ្ដាលអោយប៉ះពាល់ដល់មនុស្ស និងផ្ទះប្រជាពលរដ្ឋបន្តទៀតទេ ដោយប្រើប្រាស់រថយន្តអគី្គភ័យចំនួន០៤គ្រឿងក្នុងនោះរថយន្តពន្លត់អគ្គីភ័យស្នងការនគរបាលខេត្តចំនួន០៣គ្រឿង រថយន្តពន្លត់អគ្គីភ័យស្រុកកំពង់សៀម ចំនួន០១គ្រឿង ប្រើប្រាស់ទឹកចំនួន ១២រថយន្ត។
បើតាមការបំភ្លឺអ្នកនៅផ្ទះកើតហេតុខាងលើ បានដឹងថា ពេលនោះគាត់នៅផ្ទះម្នាក់ឯង ពេលគាត់កំពុងអង្គុយមើលក្មួយ អាយុ០៨ខែ បានឃើញអណ្ដាតភ្លើងបានឆាប់ឆេះ ពីខាងលើផ្ទះ នៅផ្នែកខាងក្រោយ ជាកន្លែងដាក់ខោអាវ ហើយគាត់បានស្រែកអោយអ្នកជិតខាងជួយ រួចភ្លើងបានជ្រុះធ្លាក់មកលើធុងហ្គាស បណ្ដាលអោយផ្ទុះឆេះខ្លាំងតែម្ដង ហើយគាត់ក៏មិនដឹងថាមូលហេតុអ្វីដែលបណ្ដាលអោយឆេះនោះទេ។
+ទ្រព្យសម្បត្តិដែលបាត់បង់រួមមាន
-ផ្ទះ០១ខ្នង មាន០៤បន្ទប់
-ទូឈើចំនួន០៥
-សាឡុងអង្គុយចំនួន ០៦
-កុំព្យូទ័រចំនួន ០១គ្រឿង
-តុឈើប្រវែង ១ម x ២,៥០សម ចំនួន០១
-ទូរទស្សន៍ចំនួន ០៤គ្រឿង
-ប្រាក់ដុល្លាចំនួន ៧០០ដុល្លា និងសំភារៈ មួយចំនួន ៕
មតិយោបល់