ភ្នំពេញៈ កាលពីវេលាម៉ោង ២និង០០នាទីរំលងអធ្រាត្រចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នគរបាលប៉ុស្តិ៍ស្រះចកឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ាស៊ីនកាណូត ត្រង់ចំណុចច្រាំងទន្លេមុខសួនច្បារ ផ្លូវ៤៧ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យទី១ឈ្មោះ ង្វៀង យាំងជី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន) និងបក្ខពួកម្នាក់ទៀតឈ្មោះ ហាយ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិវៀតណាម (គេចខ្លួន)។
ជនរងគ្រោះឈ្មោះ សារី ចាន់វិឆ័យ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបើកកាណូតទេសចរណ៍ (យ៉ីហោស្កាយបូត) ស្នាក់នៅ ផ្ទះលេខ7H ផ្លូវ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សម្ភារៈបាត់បង់៖ ម៉ាស៊ីនកាណូតមួយគ្រឿងម៉ាកឃូលែ ពណ៌ក្រហម លិចបាត់ទៅក្នុងទន្លេ។
ដំណើររឿង៖ មុនពេលកើតហេតុវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះបានរៀបចំទុកដាក់ចតកាណូតទេសចរណ៍ យ៉ីហោស្កាយបូតប្រើប្រាស់ម៉ាស៊ីនម៉ាក ឃូលែ ពណ៌ក្រហម នៅឯច្រាំងទន្លេមុខសួនច្បារ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់មកជនរងគ្រោះក៏បានដេកលក់ក្នុងទូកផ្សេងក្បែរនោះ រហូតដល់ម៉ោងប្រហែល ២និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ស្រាប់តែលឺសម្លេងបងប្អូនជិតខាងស្រែកថា ចោរៗ ជនរងគ្រោះភ្ញាក់ឡើងបានឃើញជនសង្ស័យ២នាក់ កំពុងលើកម៉ាស៊ីនកាណូតម៉ាកឃូលែ ចេញពីកាណូតយ៉ីហោស្កាយបូត ដាក់ទៅលើទូកស្មាច់ (ជាទូករបស់ជនសង្ស័យ) ហើយជនសង្ស័យបានគេចខ្លួនទៅកណ្តាលទន្លេ ពេលនោះជនរងគ្រោះ និងបងប្អូនជិតខាងបានបើកទូកម៉ាស៊ីនដេញតាមទៅទាន់ជនសង្ស័យនៅកណ្តាលទន្លេ ហើយជនសង្ស័យក៏បានពន្លិចទូករបស់វាដែលផ្ទុកម៉ាស៊ីនម៉ាកឃូលែលិចទៅក្នុងទន្លេបាត់ទៅ ពេលនោះជនរងគ្រោះឃាត់បានជនសង្ស័យម្នាក់ឈ្មោះ ង្វៀង យុំាងជី នាំទៅប្រគល់ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកតែម្តង ចំណែកបក្ខពួកជនសង្ស័យឈ្មោះ ហាយ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិវៀតណាម គេចខ្លួនបាត់ទៅ។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់