ព័ត៌មានជាតិ

រថយន្តលីពីលឺប្រភេទឈូសដីប៉ះគ្នាជាមួយម៉ូតូបណ្ដាលឲ្យក្មេងសិស្សសាលា២នាក់របួស និងម្នាក់ទៀតស្លាប់

តាកែវ: នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១០និង១០នាទីព្រឹក ស្ថិតតាមបណ្ដោយផ្លូវខេត្តក្រាលគ្រោះក្រហម ភូមិរាមអណ្ដើក ឃុំរាមអណ្ដើក ស្រុកគិរីវង់ មានករណីគ្រោះចរាចរណ៍មួយរវាងម៉ូតូ និងរថយន្តលីពីលឺ(រថយន្តឈូសដី) ដែលមានទិសដៅស្របទិសគ្នា ពីទិសខាងត្បូងទៅទិសខាងជើង។

ម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1Q-5757 បើកបរដោយឈ្មោះ និន ស្រ៊ន ភេទស្រី អាយុ ៥៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងរុន ឃុំរាមអណ្ដើក ស្រុកគិរីវង់ មិនពាក់មួកសុវត្តិភាព ស្លាប់នៅកន្លែងកើតហេតុ រួមដំណើរជាមួយឈ្មោះ ស៊ាន លីណា ភេទស្រី អាយុ ៦ឆ្នាំ មុខរបរសិស្ស និងឈ្មោះ វាំង ពេជ្រសុភា ភេទស្រី អាយុ​ ៦ឆ្នាំ (រងរបួស) បានបញ្ជូនទៅព្យាបាលនៅបង្អែកស្រុកគិរីវង់ ក្មេងទាំងពីរនាក់មាន ទីលំនៅភូមិរាមអណ្ដើក ឃុំរាមអណ្ដើក ស្រុកគិរីវង់ ខេត្តតាកែវ។

រថយន្តលីពីលឺ ពណ៌ក្រហម របស់កងវិស្វកម្ម បើកបរដោយមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) ចំណែកសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ វាស់វែងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរាមអណ្ដើក បច្ចុប្បន្នកម្លាំងនគរបាលកំពុងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់