ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយផឹកស្រាទាស់សម្ដីគ្នា ទាញដាវកាប់ជនរងគ្រោះរបួសធ្ងន់

ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌព្រែកព្នៅឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារការកាប់ទៅលើជនរងគ្រោះជាច្រើនដាវ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិជម្រៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី១ ឈ្មោះ ទិត្យ រ៉ូស៊ី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិជរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ ទី២ ឈ្មោះ ទិត្យ ភូវ៉ាឌី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិជម្រៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ ជនរងគ្រោះ ឈ្មោះ ហេង វណ្ណៈ ភេទប្រស អាយុ២២ ជនជាតិខ្មែរ មុខរបរជាងឡាន ស្នាក់នៅផ្ទះគ្មាន ផ្លូវបេតុង ភូមិជម្រៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។

សម្ភារដកហូតមាន៖ ដាវកែឆ្នៃ ប្រវែង៧តឹក ចំនួន០១ដើម។

ស្លាកស្នាមបន្សល់ទុកមានស្នាមរយះត្រង់កូនដៃខាងឆ្វេងមួយកន្លែង ដាច់សសៃដើមដៃខាងឆ្វេងចំនួនមួយកន្លែង និងរយះត្រង់ចង្កាខាងឆ្វេងមួយកន្លែង។

ប្រភពដដែលបន្តថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៨និង០០នាទីយប់ជនរងគ្រោះ បានហៅជនសង្ស័យឈ្មោះ ទិត្យ រ៉ូស៊ី មកផឹកស្រាបៀរនៅមុខផ្ទះរបស់ខ្លួន លុះមកដល់វេលាម៉ោងប្រហែល១០និង០០នាទី យប់ជនរងគ្រោះ ក៏បានទាស់ពាក្យសម្ដីជាមួយនិងជនសង្ស័យ ហើយ ក៏បានប្រតាយប្រតប់គ្នាទៅវិញទៅមក ភ្លាមនោះឈ្មោះ សាន សុផល ដែលត្រូវជាពូរបស់ជនរងគ្រោះ បានមកឃាត់ និងចាប់បំបែកចេញពីគ្នា ហើយឈ្មោះ ទិត្យ រ៉ូស៊ី ក៏បានត្រឡប់ទៅផ្ទះ មួយសន្ទុះក្រោយមកជនសង្ស័យក៏បានជិះម៉ូតូត្រឡប់មកឈប់នៅ កន្លែងកើតហតុជាមួយឈ្មោះ ទិត្យ ភូវ៉ាឌី ដែលជាប្អូនបង្កើត ភ្លាមនោះជនសង្ស័យឈ្មោះ ទិត្យ រ៉ូស៉ី បានយកដាវដែលខ្លួនកាន់ក្នុងដៃ កាប់ទៅលើជនរងគ្រោះជាច្រើនដាវ បណ្ដាលអោយរងរបួសដៃខាងឆ្វេងចំនួន០២កន្លែង ដៃខាងស្ដាំចំនួន០១កន្លែង និងត្រង់ចង្កាខាងឆ្វេងមួយកន្លែង។ រួចមកជនសង្ស័យ ក៏បានរត់គេចខ្លួនបាត់ទៅ ។

លុះមកវេលាម៉ោង០៤ និង០០នាទីទៀបភ្លឺថ្ងៃទី២៤ ទើបកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង០២នាក់ បាននៅត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិជម្រៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅតែម្ដង ។

បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត។ ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ច ធ្វើការសាកសួរ និងចាត់ការតាមបន្តនីតិវិធី៕

មតិយោបល់