ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌសែនសុខនាំយកទៀនព្រះវស្សាទៅប្រគេនព្រះសង្ឃនៅវត្តក្រាំងធ្នង់

ភ្នំពេញៈ លោក អ៊ូវ ឡៃយ៍ ប្រធានក្រុមប្រឹក្សាខណ្ឌលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ លោក សឿន សួរ ចៅសង្កាត់ក្រាំងធ្នង់ បាននាំយកនូវទៀនព្រះវស្សា បច្ច័យនិងគ្រឿងឧបភោគ បរិភោគ ទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តក្រាំងធ្នង់ ដែលស្ថិតនៅភូមិត្រំពាំងជើងស្រុក ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខនារសៀលថ្ងៃ១៤ កើត ខែអាសាឍ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ព្រមទាំងមានការចូលរួមពីសំណាក់អស់លោក លោកស្រី ជាសមាជិកក្រុមការងារ ខណ្ឌ សង្កាត់ និងមន្ត្រីរាជការជាច្រើនរូបទៀត។

បន្ទាប់ពីព្រះសង្ឃចម្រើនព្រះបរិត្ត និងតាមការធ្វើកិច្ចទៅកម្មវិធីរបស់លោកតាអាចារ្យ ក៏បានប្រារព្ធធ្វើពិធីវេរប្រគេនទៀនព្រះវស្សា ទៅតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនានៃយើង ដើមពីឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន សាច់សារលោហិត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីមរណៈក្នុងបុព្វហេតុជាតិមាតុភូមិក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើន ដែលបានចែកឋាន ទៅកាន់លោកខាងមុខផងដែរ។

ម៉្យាងទៀតការប្រគេនទៀតព្រះវស្សានេះ គឺជាការប្រារឰធ្វើទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដែលមាននាសម័យកាលយូរលង់មកហើយនៅជារៀងរាល់ឆ្នាំ និងដើម្បីប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងរយៈពេលមួយត្រីមាស ដែលចាប់ចូលពីថ្ងៃទី ១រោជ ខែអាសាឍ រហូតដល់ថ្ងៃ១៥កើតខែអស្សុជ។

នៅក្នុងឱកាសនោះដែរ លោក អ៊ូវ ឡៃយ៍ ក៏បានថ្លែងផ្តាំផ្ញើការសួរសុខទុក្ខទៅកាន់ព្រះសង្ឃ និងប្រជាពលរដ្ឋ ដោយលើកអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើវិស័យពុទ្ធចក្រ និងអាណាចក្រ និងបានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋចេះសាមគ្គីរួបរួមគ្នា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា៕

មតិយោបល់