កំពង់ឆ្នាំង: លោកប្រធានការិយាល័យជួញដូរមនុស្សស្នងការ ខេត្តកំពង់ឆ្នាំង បានប្រាប់ Post News ថា ពិតជាមានករណីឃាត់ខ្លួន វេជ្ជបណ្ឌិតមែន លោកបានបញ្ជាក់ថា នឹងបញ្ជូនទៅកាន់តុលាការ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ ដែលបានប៉ុនប៉ងចាប់រំលោភអ្នកគ្រូពេទ្យក្រមុំ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩។
ជនសង្ស័យឈ្មោះ ហេង សេងហ៊ ជាវេជ្ជបណ្ឌិតផ្នែកពិគ្រោះជំងឺដំបូង នៅមន្ទីរបង្អែក ខេត្តកំពង់ឆ្នាំង ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធទៅនឹង បណ្ដឹងរបស់ស្ត្រីម្នាក់ ជាបុគ្គលិកពេទ្យ ក្នុងមន្ទីរពេទ្យបង្អែកខេត្តផ្ទាល់តែម្ដង។
ដំណើររឿង៖ នៅពេលដែលនាងក្រមុំ ជាអ្នកគ្រូពេទ្យ បានដើរចូលក្នុងបន្ទប់ទឹក ពេលយប់ត្រូវលោកវេជ្ជបណ្ឌិត ចូលទៅតាមក្រោយហើយចាប់ ឱបនាងពីក្រោយ ប៉ុនប៉ងផ្តួល និងរំលោភ ប៉ុន្តែត្រូវបាននាងរើបម្រះរួច ហើយរត់ចេញមកក្រៅ សំដៅទៅគ្រែដេករបស់នាង នៅក្នុងមន្ទីរពេទ្យ។ ប៉ុន្តែត្រូវវេជ្ជបណ្ឌិតរូបនោះ ដេញតាមនាង រហូតទៅដល់បន្ទប់ដេកទៀត ដោយចាប់នាងអង្អែលភ្លៅ ធ្វើឲ្យនាងភ័យរត់ចេញ ពីបន្ទប់ដេកនោះ ទៅដេកជាមួយមិត្តរបស់នាង ដែលជាគ្រូពេទ្យដូចគ្នា។ រហូតដល់ម៉ោង ៥ល្ងាច សមត្ថកិច្ចជំនាញ កំពុងតែធ្វើការត្រួតពិនិត្យ ទៅលើកាមេរ៉ាសុវត្ថិភាព នៅក្នុងមន្ទីរពេទ្យ ដោយយកចិត្តទុកដាក់ផ្ទាល់តែម្ដង។
ក្រោយមកជនសង្ស័យបានទទួលស្គាល់ថា ខ្លួនពិតជាប្រព្រឹត្តទៅលើរូបនាងមែន គ្រាន់តែឱបពីក្រោយប៉ុណ្ណោះ ហើយហេតុការណ៍នេះ លោកព្រមបង់សំណងចំនួន ៨ពាន់ដុល្លារ ធ្វើការប៉ះប៉ូវដើម្បីបញ្ចប់រឿង ក្រៅប្រព័ន្ធតុលាការ ប៉ុន្តែស្ត្រីរងគ្រោះមិនទទួលយក និងសមត្ថកិច្ចធ្វើទៅតាមច្បាប់៕
មតិយោបល់