ព័ត៌មានជាតិ

នគរបាល​អេ​ស្ប៉ា​ញ​​ បាន​ចាប់ខ្លួន​អតីត​ប្រធាន​អង្គភាព​ស៊ើបការណ៍​យោធា​វេ​ណេ​ស៊ុ​យ​អេ​ឡា​

(Reuters)​ -​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ នគរបាល​អេ​ស្ប៉ា​ញ​បាន​និយាយ​ថា​ បាន​ចាប់ខ្លួន​អតីត​ប្រធាន​អង្គភាព​ស៊ើបការណ៍​យោធា​វេ​ណេ​ស៊ុ​យ​អេ​ឡា​ដែល​មានឈ្មោះ​ថា​ Hugo​ Carvajal​ ដែល​លោក​បាន​លាក់ខ្លួន​ចាប់តាំងពី​តុលាការ​អេ​ស្ប៉ា​ញ​បាន​យល់ព្រម​ធ្វើ​បត្យាប័ន​ទៅ​កាន់​សហរដ្ឋអាមេរិក​ដែល​មាន​រយៈពេល​ជិត​ពីរ​ឆ្នាំ​មក​ហើយ​ ។​

​ក្នុង​បណ្តាញ​សង្គម​ tweeter​ ដែល​មាន​បង្ហាញ​វី​ដេ​អូ​នៃ​ការ​ឃាត់ខ្លួន​នោះ​ នគរបាល​អេ​ស្ប៉ា​ញ​បាន​និយាយ​ថា​ “​លោក​ Pollo​ Carvajal​ ត្រូវ​ចាប់ខ្លួន​នៅ​យប់​នេះ​នៅ​ Madrid​ នៅ​ពេល​ដែល​លោក​រត់គេច​ពី​យុត្តិធម៌​ និង​ការ​ធ្វើ​បត្យាប័ន​ទៅ​អា​មេ​រិ​ក​”​ ។​

​ប៉ុន្តែ​នគរបាល​មិន​បាន​ផ្តល់​ព័ត៌មាន​លំអិត​បន្ថែម​អំពី​ការ​ចាប់​នោះ​ទេ​ ដោយ​គ្រាន់តែ​និយាយ​ថា​លោក​ Carvajal​ “​កំពុង​រស់​ក្នុង​ភាព​ឯកោ​ទាំងស្រុង​”​ ។​

​មេធាវី​របស់​លោក​ Carvajal​ នៅ​អេ​ស្ប៉ា​ញ​គឺ​លោកស្រី​ Maria​ Dolores​ Arguelles​ បាន​បញ្ជាក់​ថា​ លោក​ Carvajal​ ត្រូវ​បាន​ចាប់ខ្លួន​ ប៉ុន្តែ​បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទេ​ក្រៅពី​និយាយ​ថា​ កូនក្តី​របស់​លោកស្រី​នឹង​បង្ហាញខ្លួន​នៅ​ចំពោះ​មុខ​តុលាការ​កំពូល​អេ​ស្ប៉ា​ញ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។​

​លោក​ Carvajal​ គឺជា​អតីត​ឧត្តមសេនីយ៍​ និង​ជា​សម្ព័ន្ធមិត្ត​របស់​មេដឹកនាំ​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​លោក​ Hugo​ Chavez​។​

​មន្ត្រី​សហរដ្ឋអាមេរិក​បាន​ស្វែងរក​លោក​ Carvajal​ ជា​យូរ​មក​ហើយ​ព្រោះ​ពួក​គេ​ជឿ​ថា​ប្រសិនបើ​លោក​មាន​ឆន្ទៈ​ក្នុង​ការ​សហការ​នោះ​គាត់​អាច​ផ្តល់​នូវ​ព័ត៌មាន​ដ៏​សំខាន់​អំពី​សកម្មភាព​គ្រឿងញៀន​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពាក់ព័ន្ធ​ប្រធានាធិបតី​វេ​ណេ​ស៊ុ​យ​អេ​ឡា​លោក​ Nicolas​ Maduro​ និង​សហការី​ ៕

មតិយោបល់