ភ្នំពេញ ៖ ថ្ងៃទី៤ ខែ មិថុនា នៅទីស្នាក់ការ Nokia ប្រចាំនៅរាជធានីភ្នំពេញបានបញ្ជាក់ថា ទូរស័ព្ទ Nokia 808 PureView ដែលជាស្មាតហ្វូនដំបូងបង្អស់ដែលប្រើប្រាស់បច្ចេកវិទ្យា PureView ប្រកបទៅដោយសមត្ថភាពថតរូបភាពបានច្បាស់កម្រិតខ្ពស់ជាងគេបង្អស់របស់ Nokia នឹងត្រូវដាក់លក់ជូនអតិថិជននៅ កម្ពុជាចាប់ពីសប្តាហ៍ក្រោយនេះតទៅហើយ។
ចាប់តាំងពីបានប្រកាសជាសាធារណៈកាលពីខែកុម្ភៈកន្លងមក ស្មាតហ្វូន Nokia 808 PureView បានទទួលនូវពានរង្វាន់ធំៗជាបន្តបន្ទាប់ដូចជា ៖ ពានរង្វាន់ “ទូរស័ព្ទ ចល័តល្អផ្តាច់គេ (Best Mobile Device)” នៅឯមហាព្រឹត្តិការសមាជទូរស័ព្ទពិភពលោក និងពានរង្វាន់ “ទំនើបកម្មរូបភាពល្អផ្តាច់គេប្រចាំឆ្នាំ២០១២ (Best Imaging Innovation for 2012)” ពីសមាគមសារព័ត៌មានបច្ចេកទេសរូបភាព (Technical Image Press Association)។
Nokia 808 PureView មានកាមេរ៉ា៤១មេហ្គាភិចសែល មានកញ្ចក់អុបទិច Carl Zeiss និងបច្ចេកវិទ្យាថតរូបភាពបានល្អនៅពេលខ្វះពន្លឺ។ បើកំណត់យកកម្រិត Standard Resolution វាមានសមត្ថភាពទាញរូបភាពឲ្យឃើញជិត ហើយនៅតែច្បាស់ដដែល។ បើកំណត់យកកម្រិត High-resolution វាមានសមត្ថភាពថតរូបភាពដើម្បីយកមកពង្រីក ឬកាត់យកប្លង់ណាមួយ ដែលធ្វើឲ្យយើងមើលឃើញនូវវត្ថុដែលយើងពិបាកនឹងឃើញ ដោយភ្នែកទទេ។ ជាមួយនឹងការកំណត់យកមុខងារថតរូបក្នុងលក្ខខណ្ឌពន្លឺតិច បូកផ្សំ នឹងសមត្ថភាពបង្រួមទំហំរូបភាពដើម្បីបញ្ចូលទៅបណ្តាញសង្គម ឬអ៊ីមែលផងនោះ, Nokia 808 PureView ផ្តល់លទ្ធភាពជូនអ្នកប្រើប្រាស់ក្នុងការថតរូបលំដាប់វិជ្ជាជីវៈបាន គ្រប់លក្ខខណ្ឌ។
ក្រៅពីនេះ Nokia 808 PureView ក៏អាចថតនិងមើលវីដេអូកំរិត HD 1080p បានដែរ។ ជាមួយ នឹងមុខងារ Nokia Rich Recording ធ្វើឲ្យការថតយកសំលេង មានគុណភាពខ្ពស់ដូចគេថត ដាក់ស៊ីឌី ដោយពុំចាំបាច់ប្រើមីក្រូហ្វូនឡើយ៕
អត្ថបទ៖ក្រុមហ៊ុន Nokia
មតិយោបល់