ព័ត៌មានជាតិ

កុមារម្នាក់រងរបួសក្បាលយ៉ាងធ្ងន់ធ្ងរដោយគ្រាប់កាំភ្លើងស្នប់កែឆ្នៃ

ពោធិ៍សាត់ៈ កុមារម្នាក់រងរបួសក្បាលយ៉ាងធ្ងន់ធ្ងរដោយគ្រាប់កាំភ្លើងស្នប់កែឆ្នៃខណៈគេទាំងពីរនាក់បងប្អូនបង្កើតយកកាំភ្លើងស្នប់កែឆ្នៃមកបាញ់លេង។កុមាររងគ្រោះឈ្មោះ វុធ រ៉ាត ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិបត់ត្រាច ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ បានរបួសក្បាលជាទម្ងន់ ដោយគ្រាប់កាំភ្លើងស្នប់ ដែលបង្កឡើងដោយប្អូនបង្កើតយកទៅបាញ់លេង។ ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចគុម្ពឬស្សី ស្ថិតក្នុងភូមិ.ឃុំរបស់ជនរងគ្រោះរស់នៅ ។

តាមការរៀបរាប់របស់ឈ្មោះ វ័ន វុធ ភេទប្រុស អាយុ៤១ឆ្នាំ ត្រូវជាឪពុកកុមាររងគ្រោះ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានកែឆ្នៃកាំភ្លើងបាញ់ដោយគ្រាប់ឃ្លីមួយដើម សម្រាប់ទុកបាញ់សត្វ នៅពេលខ្វះខាតអាហារម្តងម្កាល រួចសៀតទុកនៅក្រោមផ្ទះ លុះថ្ងៃកើតហេតុ កុមាររងគ្រោះនិងលោកយាយរបស់គេ បានបបួលគ្នាទៅជីកទំពាំង ខណៈពេលកំពុងជីក ឈ្មោះ វុធ វុន ក៏យកកាំភ្លើងស្នប់ទៅបាញ់លេង តែបណ្តាលឲ្យត្រូវចំក្បាលបងប្រុសរបស់គេ បណ្តាលឲ្យរងរបួសធ្ងន់ ភ្លាមៗនោះរូបគាត់នឹងក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុក
ភ្នំក្រវាញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំកុមារឈ្មោះ វុធ វុន ដែលជាអ្នកបង្កមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងបត់កណ្តោល ដើម្បីសួរនាំ។ឈ្មោះ វុធ វុនបានសារភាពថាដោយខ្លួនមិនបានឃើញលោកយាយ និងបងប្រុសរបស់គេកំពុងជីកទំពាំងនៅគុម្ពឬស្សី កាលដែលខ្លួនគេយកកាំភ្លើងស្នប់ពីក្រោមផ្ទះក្នុងគោលបំណងបាញ់សត្វតែប៉ុណ្ណោះ ។ ក្រោយពីបានស្តាប់ការសារភាពរបស់កុមារាឈ្មោះ វុធ វុន រួចសមត្ថកិច្ចបានដកហូតកាំភ្លើងស្នប់កែឆ្នៃមួយដើមនេះយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ហើយអប់រំកុមារា វុធ វុន និងអាណាព្យាបាល ឲ្យបញ្ឈប់ការកែឆ្នៃអាវុធខុសច្បាប់ ដែលនាំឲ្យប៉ះពាល់អាយុជីវិតអ្នកដទៃ និងប្រឈម ចំពោះមុខច្បាប់៕

 

មតិយោបល់