ប៉ៃលិនៈ រឿងរ៉ាវគ្រាប់មីនមិនមែនជារឿងលេងសើចទេ ព្រោះវាគ្រោះថ្នាក់ឆក់យកជីវិតប្រជាពលរដ្ឋស្លូតត្រង់បានគ្រប់ពេលវេលា យ៉ាងណាមិញកន្លងមកធ្លាប់តែមានករណីប្រទះគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះកប់ក្នុងដី ឬក៏ត្រូវគេរើសយកទុកកន្លែងខ្ទមអ្នកតា និងតំបន់ទីទួលផ្សេងៗ។
តែនៅខេត្តប៉ៃលិនកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ស្រាប់តែមានករណីនាំគ្រាប់មីនដល់ផ្ទះតែម្តង នេះបើយោងតាមលោកហេងរតនាប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា (CMAC)។
ប្រភពដដែលបានស្រង់សម្តីស្ត្រីម្ចាស់ផ្ទះថា «ពូស៊ីម៉ាក់ខ្ញុំទិញតែដីទេខ្ញុំមិនទិញគ្រាប់មីនទេព្រោះខ្ញុំដឹងថាខុសច្បាប់» ជាការឆ្លើយតបក្នុងន័យប្រៀបធៀបលេងសើចតិចតួចនោះ មន្ត្រីស៊ីម៉ាក់បានសាកសួរទៅម្ចាស់ផ្ទះនោះថា តើគាត់បានទិញដីកន្លែងណាមានប្លង់ទេ ខ្ញុំឆែកមើលផែនទីសិនក្រែងប៉ះចំលើចំការមីន?
ស្ត្រីម្ចាស់ផ្ទះបានបញ្ជាក់ថា «មិនមែនអ៊ីចឹងទេពូស៊ីម៉ាក! ខ្ញុំទិញដីមួយឡានចាក់បំពេញដីក្នុងផ្ទះហ្នឹងណា តែមានគ្រាប់មីននៅពេលកាយដីឡាននោះមកចាក់ផ្ទះ ពូស៊ីម៉ាក់ឯងមកមើលគ្រាប់មីនជាក់ស្តែងមកស្រួលយល់គ្នា»។ មន្ត្រីស៊ីម៉ាក់បានឆ្លើយតបថា នេះគឺពិតជាសំណាងមួយក្នុងតែ១ម៉ឺនគ្រោះថ្នាក់ ពេលនោះស្ត្រីម្ចាស់ផ្ទះក៏តបថា «ខ្ញុំសំណាងអ៊ឹចឹងកាយជិតត្រូវគ្រាប់មីន! ហើយថ្ងៃស្អែកនឹងនាំសមាជិកគ្រួសារទាំងអស់ទៅស្រោចទឹកឱយបាន៧វត្ត»។
មិនមែនលែងសើចទេនេះគឺជា រឿងពិតដែលម្ចាស់ផ្ទះមួយកន្លែងទិញដីចាក់បំពេញនៅដីលំនៅឋាន បែរជាដឹកទាំងដីដឹកទាំងគ្រាប់មីនមកជាមួយមួយគ្រាប់ផងដែរ៕
មតិយោបល់