ព័ត៌មានជាតិ

រថយន្តកុងតឺន័របើកលឿនដូចហោះទៅរថយន្តលុចស៊ីស រួចបន្តទៅបុករ៉ឺម៉កលក់ភេសជ្ជៈ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល

ភ្នំពេញៈ កាលពីវេលាម៉ោង ២និង១៥នាទីរសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវ៥០ ម៉ែត្រ កែងផ្លូវបេតុងច្រកចូល ក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័រ១គ្រឿង បើកបរក្នុងល្បឿនលឿនដូចហោះ ជ្រុលទៅបុករថយន្ដ លុច ស៊ីសស៊េរីទំនើប HS250h ដែលកំពុងបើកបរឆ្លងផ្លូវយ៉ាងពេញទំហឹង រួចបន្តទៅបុករ៉ឺម៉កលក់ភេសជ្ជៈ ១គ្រឿងទៀត។

ជនរងគ្រោះដែលរងរបួសធ្ងន់ ស្រាលនោះមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗដែរ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ រថយន្ដកុងតឺន័របើកបរក្នុងល្បឿនលឿន ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចដូចហោះ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានវ៉ាក់អើជាមួយរថយន្ដស៊េរីទំនើប ១គ្រឿងម៉ាក លុច ស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល2D-8789 ដែលបើកបរដោយស្ត្រីម្នាក់មានកូនស្រីរួមដំណើរជាមួយផ ​ដែលកំពុងធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បន្ទាប់មកបានបត់ឆ្វេងឆ្លងផ្លូវ ក្នុងបំណងចូលទៅក្នុងភូមិព្រែកថ្លឹង ខណៈនោះដោយសារតែរថយន្តកុងតឺន័របើកលឿន ទើបជាន់ហ្វ្រាំងមិនជាប់ហើយ ក៏ជ្រុលទៅបុកចំពាក់កណ្ដាលរថយន្ដ លុច ស៊ីស បណ្ដាលឲ្យរងការខូចខាតមួយចំហៀង និងរងរបួសអ្នកជិះក្នុងរថយន្ដនោះទាំងពីរនាក់ម្ដាយកូនតែម្ដង បន្ទាប់មករថយន្ដកុងតឺន័រខាងលើ បានជ្រុលបន្តទៅបុករ៉ឺម៉កលក់ភេសជ្ជៈដែលដាក់លក់នៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យធ្លាក់ចូលទៅក្នុងប្រឡាយទឹក ហើយអ្នកលក់ភេសជ្ជៈរងរបួសដែរ រីប៉ុន្តែសំណាងល្អមិនក្រឡាប់។

ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវរថយន្ដសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកវត្ថុតាង កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វើការវាស់វែងទៅរក្សាទុក នៅអធិការដ្ឋាននគរបាល រង់ចាំការដោះស្រាយតាមនីតិវិធី។

សូមបញ្ជាក់៖ ករណីនេះ តៃកុងរថយន្តកុងតឺន័រចុះរត់គេចខ្លួនបាត់ស្រមោល៕

មតិយោបល់