ព័ត៌មានជាតិ

រថយន្តដឹកទំនិញមួយគ្រឿង បានរេចង្កូតធ្លាក់ពីលើមហាវិថីឈ្នះឈ្នះទាំងព្រឹកមិនដឹងមូលហេតុ

ភ្នំពេញ: រថយន្តដឹកទំនិញមួយគ្រឿង បានបើកបោះពួកធ្លាក់ពីលើមហាវិថីឈ្នះ ឈ្នះ ទាំងព្រឹក ដោយអ្នកបើកបរអះអាងថា ពុំដឹងពីមូលហេតុអ្វីឡើយ ។
គ្រោះថ្នាក់នេះបាន កើតឡើង នៅវេលាម៉ោងប្រមាណ ៨និង១៥នាទីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅលើវិថីឈ្នះឈ្នះ ភូមិកប់ស្រូវ តូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តដែលធ្លាក់ផ្លូវនោះម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1G-0087 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណឡើយ។

តាមព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តបានធ្វើដំណើរតាមវិថីឈ្នះឈ្នះពីលិចទៅកើត ពេលធ្វើដំណើរ មកដល់កន្លែងកើតហេតុ មិនដឹងមូលហេតុអ្វីនោះទេ ស្រាប់តែរថយន្តបានរេចង្កូតទៅស្តាំដៃ ធ្លាក់ផ្លូវដែលមានចំណោទជ្រៅប្រមាណ ៤ម៉ែត្រ ជ្រមុជក្បាលក្នុងទឹក ទោះបីជាយ៉ាងណាអ្នកបើកបរ ពុំរងរបួសនោះទេ បានលូនចេញមកទាំងព្រលឹងចុងសក់។

តាមអ្នកបើកបរបានឲ្យដឹងថា មូលហេតុ ដែលកើតមានគ្រោះថ្នាក់បណ្តាលមកពីបែកកង់មុខខាងស្តាំ ទាញចង្កូតធ្លាក់ផ្លូវតែម្តង បន្ទាប់ពីស្ទួច យកមកដល់លើ អ្នកបើកបរពិនិត្យកង់ពុំបែកនោះទេ ហើយមានការងឿងឆ្ងល់ជាខ្លាំង ព្រោះ មុខពេលធ្លាក់គឺកង់ដូចបែកអូសលើថ្នល់ទាញចង្កូតអូសជាច្រើនម៉ែត្រ បន្ទាប់ពីស្ទួចរថយន្តនោះត្រូវបានម្ចាស់យកទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់