ព័ត៌មានជាតិ

រន្ទះបាញ់ខែប្រាំងបានប្រល័យជីវិតបុរសម្នាក់ កំពុងបង់ត្រី នៅស្រុកភ្នំស្រុក

បន្ទាយមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសម្នាក់កំពុងបង់ត្រីត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ហេតុការណ៍បង្កឲ្យភ្ញាក់ ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ០២និង៤០នាទីរសៀលថ្ងៃទី១៣​ ខែធ្នូ ឆ្នាំ២០២០ នៅចម្ងាយ១,៥០០ម៉ែត្រ ខាងលិចភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ហៃ ព្រឿងភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុជនរងគ្រោះ និងមានអ្នកភូមិជាច្រើននាក់ទៀត បាននាំគ្នា ទៅបង់ត្រីនៅចំណុចប្រឡាយទំនប់ធំខាងលិចភូមិប៉ោយស្នួលចម្ងាយ១,៥០០ ម៉ែត្រ នៅពេលដែលកំពុងបង់នោះ ស្រាប់តែមានភ្លៀងធ្លាក់មួយមេ(មធ្យម) ហើយអ្នកបង់ត្រីទាំងនោះ រួមទាំងជនរងគ្រោះ បាននាំគ្នាទៅជ្រកនៅរោងក្បែរកន្លែងបង់ត្រី ។បន្ទាប់មកក្រោយភ្លៀងបង្អោរស្រិចៗ ជនរងគ្រោះនិងក្មេងៗចំនួន០២នាក់ទៀតបានចេញពីរោងដើម្បីបង់ត្រីទៀត នៅពេលកំពុងតែឈររលាស់សំណាញ់ ក៏ត្រូវរន្ទះបាញ់ជនរងគ្រោះដែលឈរនៅកណ្តាល បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងបង់ត្រីនោះតែម្តង។

លោកអធិការបានបញ្ជាក់បន្ថែមទៀតថា៖ ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញសហការណ៍ជាមួយប៉ុស្តិ៍រដ្ឋបាលឃុំប៉ោយចារ ចុះពិនិត្យសពនៅកន្លែងកើតហេតុ ជនរងគ្រោះមានរហែកខោនិងស្នាមជាំជិតគ្រលៀន ពិតជាស្លាប់ដោយរន្ទះបាញ់ប្រាដកមែន។ ក្រោយពីពិនិត្យរួចសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់