ព័ត៌មានជាតិ

ជនបរទេសប្រុសស្រី២នាក់ជិះរថយន្តម៉ាស្ដាទៅបុករបាំងថ្មពុះចែកទ្រូងផ្លូខ្ទេចរថយន្ត

ភ្នំពេញ: ជនបរទេសប្រុសស្រី២នាក់ជិះរថយន្តម៉ាស្ដាស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿន បានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ វៀចមួយកង់ និងបណ្ដាលឲ្យរថយន្តរងការខូចខាតខ្ទេចមួយកំណាត់មុខយ៉ាងដំណំតែសំណាងល្អ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃ អាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ នៅចំណុចស្តុបមេភ្លើង លើមហាវិថីព្រះមុនីវង្ស កែងផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

អ្នកបើករថយន្តបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ។
ព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកម៉ាស្តា គ្មានស្លាកលេខ បើកបរដោយប្រុស ស្រី បរទេស២នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃទៅបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតមួយកំណាត់មុខខ្ទេចយ៉ាងដំណំ តែ មិនបណ្ដាលឲ្យមានមនុស្ស ណាម្នាក់រងរបួសនោះទេគ្រាន់តែវៀចរបាំងថ្មអស់មួយកង់ប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែងនិងស្ទូចយករថយន្តបង្កទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕

មតិយោបល់