ព័ត៌មានជាតិ

មន្ទីរជំនាញសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចចុះបិទការដ្ឋានជីកដីមួយកន្លែង ដែលគ្មានច្បាប់អនុញ្ញាត ស្ថិតនៅស្រុកប្រាសាទបាគង

សៀមរាប: កាលពីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ មន្ទីររ៉ែ និង ថាមពលខេត្តសៀមរាប និងកម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត ដឹកនាំដោយលោក មាស ជូរ៉ាវី ប្រធានមន្ទីរ រ៉ែ និង ថាមពលខេត្ត ដោយរួមសហការជាមួយគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកប្រាសាទបាគង ដឹកនាំដោយលោក សូរ ប្លាតុង អភិបាលនៃគណ:អភិបាលស្រុកប្រាសាទបាគង បានចុះបិទការដ្ឋានរណ្តៅដីមួយកន្លែង ដែលគ្មានច្បាប់អនុញ្ញាត ស្ថិតនៅ ភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

តាមការបញ្ជាក់របស់លោកមេភូមិ បានឲ្យដឹងថា ការដ្ឋានជីកដីនេះ បានចាប់ធ្វើអាជីវកម្មជីកដី អស់រយ:ពេលជាង៤ខែហើយ។ ក្នុងនោះដែរលោក សូរ ប្លាតុង ក៏បានឲ្យដឹងផងដែរថា ការដ្ឋានមួយនេះ គឺមិនបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរ ឬ មន្ទីរជំនាញណាមួយឡើយ លោកបានបន្តទៀតថា ក្នុងរយ:ពេលកន្លងមក ស្រុកបានឲ្យមន្ត្រីជំនាញ ចុះមកធ្វើការផ្អាកមិនឲ្យធ្វើអាជីវកម្មជីកដីដោយខុសច្បាប់ ចំនួន២ដងរួចមកហើយ ដើមី្បឲ្យម្ចាស់ការដ្ឋានទៅធ្វើច្បាប់ទម្លាប់ឲ្យបានត្រឹមត្រូវផងដែរ ។ តែបែរជាម្ចាស់ការដ្ឋាននេះ មិនគោរពការហាម ឃាត់របស់មន្ត្រីជំនាញ ថែមទាំងបន្តធ្វើការជីកកកាយដីដដែល ។

ក្នុងការចុះពិនិត្យការដ្ឋាននោះ លោក មាស ជូរ៉ានី ក៏បានធ្វើការណែនាំមួយចំនួន ដោយបានគូសបញ្ជាក់ថា មន្ទីរ មានបំណងឲ្យការធ្វើអាជីវកម្មធនធានរ៉ែទាំងអស់ ត្រូវមានច្បាប់ត្រឹមត្រូវ និង ត្រូវអនុវត្តតាមលក្ខខ័ណ្ឌអាជ្ញាបណ្ណ ឲ្យខានតែបាន និង បញ្ឈប់រាល់ការអនុវត្តខុសច្បាប់ បើនៅតែអនុវត្តខុស គឺត្រូវទទួលកំហុសចំពោះមុនច្បាប់ជាធរមាន ។ ក្នុងនោះដែរលោកក៏បានឲ្យដឹងថា ការដ្ឋានរណ្តៅដី ស្ថិតនៅក្នុងស្រុងប្រាសាទបាគងមានចំនួន៤កន្លែង តែមានច្បាប់អនុញ្ញាតតែ ៣រណ្តៅទេ ហើយក៏បានកំពុងធ្វើអាជីវកម្មតែ១រណ្តៅប៉ុណ្ណោះ តែចំពោះការដ្ឋានរណ្តៅដីទីតាំងនេះ ពុំបានសុំអនុញ្ញាតច្បាប់ឡើយ។

ក្នុងនោះដែរក្រុមការងារ ក៏បានធ្វើកំណត់ហេតុ និង កិច្ចសន្យាជាមួយម្ចាស់ការដ្ឋាន ដោយបញ្ឈប់សកម្មភាពក្នុង ការជីកយកអាចម៍ដី និង ត្រូវទៅធ្វើការបង់ផាកពិន័យ ស្របតាម (មាត្រា ៣៥ថ្មី នៃច្បាប់វិសោធនកម្ម ស្តីពីច្បាប់ការគ្រប់គ្រង និង ការធ្វើអាជីវកម្មធនធានរ៉ែ) ។ ក្នុងនោះដែរក្រុមការងារ ក៏បានធ្វើការបិទក្លុំ ( អេស្កាវ៉ាទ័រ) ចំនួន៤គ្រឿង និងរថយន្ត ទាំង០៩គ្រឿង មិនឲ្យធ្វើសកម្មភាពមួយរយ: រហូតដល់មានច្បាប់អនុញ្ញាតពីខេត្ត ឬ ក្រសួង ៕

មតិយោបល់