ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅចំណុចមុខផ្ទះជួលលេខ៥៦៦ ផ្លូវលំ ក្រុមទី១២ ភូមិ ព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៨និង៣០នាទី កម្លាំងនគរបាលបានឃាត់ជនសង្ស័យម្នាក់ យកកូនកាំបិត ចាក់បណ្តាលឲ្យរបួស ។
ជនសង្ស័យឈ្មោះ គយ គន្ធា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ កម្មករសំណង់ (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ ហ៊ុន ហេង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ កម្មករសំណង់ (របួសខ្នងខាងស្តាំចំនួន២កន្លែង)។
ដំណើររឿង៖ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៣០នាទី ជនសង្ស័យបានដើរត្រឡប់មកពីផឹកស្រា ដល់ចំណុចមុខផ្ទះជួលលេខ៥៦៦ កន្លែងកើតហេតុ ស្រាប់តែឃើញជនរងគ្រោះកំពុងអង្គុយលេងបៀរជាមួយអ្នកជិតខាង ជនសង្ស័យក៏បានហៅជនរងគ្រោះចេញមកសួរនាំពីរឿងជេរ ប្រមាថម្តាយរបស់គេ តែពេលនោះជនរងគ្រោះមិនព្រមចេញមកជួប ជនសង្ស័យបានដើរចូលទៅវាយជនរងគ្រោះចំនួន ៣ដៃបណ្តាលដួលផ្កាប់មុខទៅលើដី ហើយជនសង្ស័យដកកាំបិតចិតបន្លែចាក់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសខ្នង ខាងស្តាំចំនួន ២កន្លែង ទន្ទឹមនោះអ្នកជិតខាងបានចូលទៅឃាត់ ជនសង្ស័យដើរចេញពី កន្លែងកើតហេតុបានបន្តិចក៏គប់កូនកាំបិតចោល (បាត់រកមិនឃើញ) ជាមួយគ្នានោះកម្លាំងល្បាតនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ចុះទៅដល់ក៏ឃាត់ខ្លួនជនសង្ស័យ យកទៅសាកសួរនៅស្នាក់ការប៉ុស្តិ៍ចាក់អង្រែលើតែម្តង។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

មតិយោបល់