ព័ត៌មានជាតិ

រថយន្តដឹកក្តារមឈូសបុកពីក្រោយក្រុមហ៊ុនខេមបូឌា អ៊ិចប្រេស្ស បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ រថយន្តដឹកមឈូសមួយគ្រឿង បានបើកបុកពីក្រោយរថយន្តរបស់ក្រុមហ៊ុនខេមបូឌា អ៊ិចប្រេស្ស ដោយអ្នកបើកបរអះអាងថា មានរថយន្តគេបុកពីក្រោយដែរ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណម៉ោង១ រសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រថយន្តតូរីស ពណ៌ខៀវចាស់ ពាក់ស្លាកលេខ កំពត2A 0570 បើកបរ ដោយបុរសម្នាក់។ ចំណែករថយន្តមួយគ្រឿងទៀត ម៉ាកHIACE ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AA 8948 ជារបស់ក្រុមហ៊ុនខេមបូឌាអ៊ិចប្រេស្ស បើកដោយបុរសម្នាក់។

តាមព័ត៌មានពីអ្នកបើករថយន្តឲ្យក្រុមហ៊ុនខេមបូឌា អ៊ិចប្រេស្ស បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តរបស់គាត់ បានធ្វើដំណើរតាមផ្លូវជាតិលេខ៥ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ មានរថយន្ត២ទៅ៣គ្រឿង នៅខាងមុខគាត់ជាន់ហ្រាំង ស្រាប់តែរថយន្តដឹកក្តារមឈូស បុករថយន្តគាត់ពីក្រោយ បណ្តាលឲ្យក្រពឹកពីក្រោយតែម្តង។

តាមបុរសអ្នកបើករថយន្តដឹកក្តារមឈូសឲ្យដឹងថា រថយន្តគាត់បើកបុកគេពីក្រោយ តែដោយសាមានគេបុកពីក្រោយដែរ ដោយភ្លាមៗ គាត់មិនបានដឹងទេ ដល់ពេលគាត់ចុះទៅមើលទើបដឹង។

ក្រោយពេលកើតហេតុភាគីទាំងពីរបានសម្របសម្រួលគ្នា ដោយខាងរថយន្តដឹកក្តារមឈូសសងថ្លៃខូចខាត ទៅឲ្យរថយន្តក្រុមហ៊ុនខេមបូឌាអ៊ិចប្រេស្សចំនួន ៣០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕

មតិយោបល់