ព័ត៌មានជាតិ

កុំចេះតែហ៊ាន! ខ្ចីម៉ូតូមិត្តភក្ដិ យកទៅបញ្ចាំបានលុយ ២៥០$ ទិញថ្នាំញៀនជក់ ចុងក្រោយខ្នោះ

កណ្ដាលៈ កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី០១ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ) ។

ជនរងគ្រោះឈ្មោះ សំ សុម៉ាត្រា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ សិស្ស។ ជនសង្ស័យឈ្មោះ ឌី ដេវីត ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) ។

សម្ភារៈបាត់បង់៖
-ម៉ូតូ១គ្រឿង ម៉ាកSUZUKI NEX ពណ៌ស ស៊េរីឆ្នាំ២០១៤ ស្លាកលេខ កណ្តាល 1R-3478 ។

វត្ថុតាងចាប់យក៖
-កាបូបដៃ ពណ៌ខ្មៅចំនួន០១
-ប្រាក់រៀលចំនួន១៩០.០០០រៀល។

ដំណើររឿង៖ កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យដែលត្រូវជាមិត្ត ភក្តិជនរងគ្រោះ បានខ្ចីម៉ូតូដែលមានភិនភាគដូចខាងលើពីជនរងគ្រោះ ថាជិះទៅទិញសាំងវិចហូបមួយភ្លែត ក៏ជិះយកទៅបាត់តែម្តង។ លុះដល់ថ្ងៃទី២ ខែឆ្នាំដដែល ទើបជនរងគ្រោះ បានជួបជនសង្ស័យ នៅភូមិព្រែកឡុង សង្កាត់តាក្តុល បានឃាត់ខ្លួន ប្រគល់ជូនសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានខ្ចីម៉ូតូជនរងគ្រោះប្រាកដមែន ហើយបានយកទៅដាក់បញ្ចាំនៅកន្លែងទទួលបញ្ចាំ គ្មានយីហោនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន បានលុយ២៥០ដុល្លារ យកទៅសងគេ ទិញថ្នាំញៀនជក់ និងចាយ
អស់ នៅសល់លុយខ្មែរតែចំនួន១៩០,០០០រៀលប៉ុណ្ណោះ។

ករណីនេះផ្នែកជំនាញ កំពុងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់