ព័ត៌មានជាតិ

ភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យជន់លិចផ្ទះពលរដ្ឋ​ សម្រាមអណ្ដែតទឹកពាសពេញផ្លូវ នៅក្រុងព្រះសីហនុ

ព្រះសីហនុៈ កាលពីទៀបភ្លឺឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ មានភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យតំបន់ទំនាប ក្នុងក្រុងព្រះសីហនុ ស្ថិតតាមបណ្ដោយផ្លូវឯករាជ្យ និងតាមបណ្ដាភូមិមួយចំនួនជន់លិច។

យោងតាមប្រភពព័ត៌មានមន្ត្រីផ្នែកប្រពន្ធ័លូ អូរ ប្រឡាយថ្លែងថា ករណីជំនន់ទឹកភ្លៀងជន់លិចពេលមានភ្លៀងខ្លាំងបែបនេះ មិនមែនជាលើកទី១ទេ នៅក្រុងព្រះសីហនុ ដោយសារតែទំហំអូរ ឬ ប្រឡាយរំដោះទឹកនានាបានរួមតូច តាមរយៈការសាងសង់ផ្ទះ សំណង់ផ្សេងៗ លើដីចំណីអូរ មិនមានច្បាប់អនុញ្ញាត ហើយមានសំណង់ខ្លះទៀត សាងសង់គ្មានប្រព័ន្ធលូក្រោមដី ដោយចាក់ដីលុបបិទផ្លូវទឹកហូរ។

ក្នុងនោះក៏មានសម្រាមរសាត់អណ្តែតបិទមាត់លូខ្លះថែមទៀតផង ទើបធ្វើឲ្យចរន្តទឹកហូរមិនទាន់ នាំឲ្យមានការជន់លិច លោកបន្តទៀតថា បញ្ហានេះរដ្ឋបាលខេត្ត បានធ្វើការដោះស្រាយជាបន្តបន្ទាប់ ដោយប្រើវិធានការបច្ចេកទេសកាយបើកផ្លូវទឹកហូរ ប្រើវិធានការផ្លូវច្បាប់ទៅលើអ្នករំលោភបំពានមួយចំនួនផង ដើម្បីដោះស្រាយនិងកាត់បន្ថយការជន់លិចពេលមានភ្លៀងខ្លាំង។

ចំពោះករណីខាងនេះសង្ឃឹមថា ដំណើរការដោះស្រាយទប់ស្កាត់ជំនន់ទឹកភ្លៀង របស់រដ្ឋបាលខេត្តព្រះសីហនុ នឹងទទួលបានលទ្ធផលវិជ្ជមាន៕

មតិយោបល់