ព័ត៌មានជាតិ

មុខសញ្ញាជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ករណីលួចកាច់សោកម៉ូតូពលរដ្ឋ

ក្រចេះ: នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ផ្សេងទៀត ដែលជាមុខសញ្ញា ក្នុងករណីអំពើលួចកាច់សោកម៉ូតូ របស់ប្រជាពលរដ្ឋនៅតាមជនបទ ត្រូវបាននគរបាលស្រុកចិត្របុរី ចាប់ឃាត់ខ្លួនបានភ្លាមៗ នៅត្រង់ចំណុចអូរជ្រៅ ក្នុងភូមិល្អ ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ។

ជនដៃដល់ឈ្មោះ ធួន ថាន់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអូរខ្លូត ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ចាប់ឃាត់ខ្លួនបាន) រីឯបក្ខពួកចំនួនពីរនាក់ទៀត (ពុំស្គាល់អត្តសញ្ញាណ) បានរត់គេចខ្លួនបាត់ស្រមោល ។
ជាមួយនឹងការចាប់ខ្លួនជនសង្ស័យខាងលើនេះ កម្លាំងនគរបាលដកហូតវត្ថុតាងបាន៖ ម៉ូតូ០២គ្រឿង, ០១គ្រឿងជាម៉ូតូ របស់ជនរងគ្រោះ និង១គ្រឿងទៀត ជាម៉ូតូដែលជាមធ្យោបាយ របស់ពួកជនសង្ស័យ សម្រាប់ជិះធ្វើសកម្មភាពល្មើស ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីបន្តចាត់ការ តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់