កំពង់ធំៈ មានករណីរាលកៃអាវុធកែច្នៃ (កាំភ្លើងខ្យល់បាញ់គ្រាប់កង់) បណ្ដាលឲ្យស្លាប់ខ្លួនឯង កើតឡើងនៅកន្លែងឆ្លុះសត្វ ចំណុចតំបន់វាលព្រៃបាញ់ជាន់ ក្នុងភូមិសង្វាត ឃុំក្រយា ស្រុកបា្រសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៣០នាទី។
ជនរងគ្រោះឈ្មោះ ជួន ជឿត ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
ដំណើររឿង៖ យោងតាមការបំភ្លឺរបស់ឈ្មោះ ឃាន ប៊ិន ភេទស្រី អាយុ ៣២ឆ្នាំ (ត្រូវជាប្រពន្ធសព) បានរៀបរាប់ប្រាប់ថា នៅវេលាម៉ោងប្រហែល ៨ ប្ដីរបស់គាត់ហូបបាយ រួចក៏ចេញទៅឆ្លុះសត្វជាមួយឈ្មោះ រត់ ភេទប្រុស អាយុ ២៧ឆ្នាំ ឈ្មោះ ពេជ្រ ភេទប្រុស អាយុ ២៤ឆ្នាំ និងឈ្មោះ ទួត ភេទប្រុ អាយុ ១៩ឆ្នាំ (អ្នកទាំង ៣ត្រូវជាបងប្អូនជាមួយជនរងគ្រោះ)។ ដោយចេញទៅឆ្លុះនៅតំបន់បាញ់ជាន់ខាងលិចភូមិសង្វាត ឃុំក្រយា ចម្ងាយប្រហែល ៥០០០ម៉ែត្រ ដោយជិះម៉ូតូ ២គ្រឿងទៅ រហូតដល់ម៉ោងប្រហែល ១១ស្រាប់តែអ្នកទាំង៣បានត្រឡប់មកវិញដោយឈ្មោះ ទួត បានស្រែកហៅនាងខ្ញុំថា មីងពូ ជឿតស្លាប់ហើយ និងនិយាយប្រាប់ថា គាត់រាលកៃកាំភ្លើងស្លាប់បាត់ហើយ បន្ទាប់មកនាងខ្ញុំបានរាយការណ៍ជូនសម្ថកិច្ច ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យមណ្ឌលសុខភាព ចុះពិនិត្យកន្លែងកើតហេតុនៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ពិនិត្យឃើញថា ជនរងគ្រោះបានប្រើប្រាស់អាវុធកែច្នៃនៅចំណុចកៃសុវត្ថិភាពកៃវៀចងមកក្រោយ និងវៀចងមកម្ខាង នៅលើឈើតួអាវុធចំណុចក្បែកៃមានស្នាមកកិត និងប៉ះទង្គិចដែលបណ្ដាលឲ្យភ្លាត់កៃ។
សពមានស្នាមរបួស ១កន្លែងធ្លុះចូលលើដើមដោះខាងស្ដាំមានទិសដៅបញ្ឆិតពីក្រោមទៅលើទំហំ០.៨ស.ម រាងមូល ។
តាមការសន្និដ្ឋាន៖ សពពិតជាស្លាប់ដោយ អាវុធកែច្នៃរបស់ខ្លួនឯង មិនមានពាក់ព័ន្ធ និងករណីឃាតកម្មឡើយ ក្រោយត្រួតពិនិត្យ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់