ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាត ទាំងសងខាងយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង០២និង៣០នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរថយន្ត Ford បើកបរឆ្លងផ្លូវបុកជាមួយរថយន្ត Hyundai បណ្តាលឲ្យរងការខូចខាត ទាំងសងខាងយ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើល ទីតាំង ស្ថិតតាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ ទល់មុខផ្សារបឹងបៃតង ក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក Ford Ranger ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BE-8654 បានបើកបរក្នុងទិសដៅ ពីលិចទៅកើត ក្នុងគោលបំណងបើកបត់ឆ្វេង ស្របពេលនោះដែរ ក៏មានរថយន្តដឹកថ្មមួយគ្រឿងទៀតម៉ាក Hyundai ពាក់ស្លាកលេខ ភ្នំពេញ 3C-2501 បើកបរទិសដៅពីត្បូងទៅជើង បណ្តាលឲ្យបុកគ្នាពេញទំហឹង រងការខូចខាតយ៉ាងដំណំទាំងសងខាង ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលនៅក្នុងមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ យកសម្ភារ:ដាក់អែបខាង និងឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នាមួយជំហានសិន ៕

មតិយោបល់