ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

VJ អាឡាស្កូ តារាត្រេមុខកូនកាត់ ដែលមានកេរ្តិ៍ឈ្មោះតាំងនៅកូរ៉េ

ភ្នំពេញៈ ថ្វីដ្បិតតែមិនទាន់មានឈ្មោះបោះសំឡេងច្រើននៅឡើយក្នុងពិភពសិល្បៈ តែគេកត់សម្គាល់ថា បេក្ខជនលេចធ្លោក្នុងកម្មវិធី ស្ពានតារាStar Zeus របស់ទូរទស្សន៍អប្សរាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីស្រទាប់មហាជន ជាពិសេសក្នុងរង្វង់តារាសិល្បៈ។ នោះគឺដោយសារតែលោកត្រូវគេដឹងថាអតីត ហ្វ្រេសស៊ី និងជាតារាដែលមានកេរ្តិ៍ឈ្មោះសំឡេងយូរមកហើយនៅក្នុងប្រទេសកូរ៉េ ក្នុងពេលដែលលោកប្រឡូកការងារជាពលករនៅក្នុងប្រទេសនោះ និងដោយសារតែលោកក៏ត្រូវគេស្គាល់ថាជាតារាដែលមានត្រេមុខកូនកាត់ ហើយមានសមត្ថភាពច្រើនយ៉ាងកម្រ។

ក្នុងកិច្ចសម្ភាសន៍ជាមួយPostnews លោកអៀង សំអាត ហៅវីជេអាឡាស្កូ ដែលត្រូវគេស្គាល់ជាតារាលេចធ្លោក្នុងនាមជាពលករកូរ៉េនៅក្នុងប្រទេសកូរ៉េប្រមាណ៧ឆ្នាំបានអះអាងថា ខ្លួនមិនត្រឹមតែមាននិស្ស័យជាតារាសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែក៏បានទទួលការហ្វឹកហាត់ជំនាញFashion ពិធីករ និងរៀបចំកម្មវិធីពីសាលាសិល្បៈនៅក្នុងប្រទេសកូរ៉េផងដែរ ទើបលោកទទួលបានជោគជ័យក្នុងពេលដែលលោករស់នៅប្រទេសកូរ៉េ ហើយប្រឡូកនូវរាល់ការងារសិល្បៈដូចជាពិធីករ និងរៀបចំកម្មវិធីសិល្បៈតូចធំឲ្យក្រុមពលករ ឲ្យស្ថានទូតកម្ពុជាប្រចាំនៅក្នុងប្រទេសកូរ៉េ និងកម្មវិធីដែលខាងសមាគមខ្មែរ ឬសាលាសិល្បៈកូរ៉េសហការរៀបចំជាមួយខ្មែរនោះ។ លោកត្រូវគេស្គាល់ថាជាតារាសិល្បៈ និងត្រូវបានសាលាសិល្បៈនៅក្នុងប្រទេសកូរ៉េផ្ដល់ការបង្វឹកបន្ថែមរហូតទទួលបាននូវការទទួលស្គាល់ដោយមានលិខិតបញ្ជាក់ពីខាងប្រទេសកូរ៉េ។

លោកក៏ជាពិធីករ និងជាអ្នករៀបចំកម្មវិធីសិល្បៈល្បីឈ្មោះម្នាក់នៅក្នុងប្រទេសកូរ៉េ ដែលបាននិពន្ធបទផ្ទាល់ខ្លួនប្រមាណជា៤០បទក្នុងពេលរស់នៅប្រទេសកូរ៉េផងដែរ ទើបធ្វើបណ្ដាញសារព័ត៌មានរបស់កូរ៉េ ជាពិសេសគឺវេបសាយរបស់កូរ៉េច្រើនគួរសមចុះផ្សាយពីស្នាដៃ និងជីវប្រវត្តិ។ លោកចំណាយពេលប្រមាណ៧ឆ្នាំក្នុងនាមជាពលករនៅកូរ៉េ ហើយក៏ប្រឡូកការងារសិល្បៈនៅក្នុងប្រទេសនោះក្នុងរយៈពេលប្រហែលគ្នាផៀផងដែរ ទើបធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់លោកត្រូវបានគេស្គាល់ច្រើនទាំងក្នុងចំណោមអ្នកពាក់ព័ន្ធនឹងពលករ និងជាពិសេសគឺក្រុមផលិតករខ្មែរបម្រើការនៅក្នុងប្រទេសកូរ៉េនោះផង។

ជាក់ស្ដែងសកម្មភាពរបស់លោកត្រូវបានគេតាំងបង្ហាញនៅក្នុងសមាគមពលករនៅប្រទេសកូរ៉េ និងមានការផ្សព្វផ្សាយមិនអន់នោះទេមកទល់នឹងពេលនេះ។ យ៉ាងណាមិញ តារាមកពីខេត្តកំពង់ឆ្នាំងរូបនេះថាទន់ផ្នែកសិល្បៈដែលធ្វើឲ្យលោកជោគជ័យនៅក្នុងប្រទេសកូរ៉េ គឺដោយសារតែលោកជាអតីតហ្វ្រស៊ីក្នុងវគ្គចុងក្រោយកាលពីឆ្នាំ២០០៥ជំនាន់សារ៉ាយ សក្ខណា និងដោយសារតែលោកក៏ជាតារាថតស្ពត និងFashion មួយរូបដែរមុនពេលទៅកូរ៉េប៉ុណ្ណោះ។ លោកនិយាយថា«ដោយសារខ្ញុំចង់បានការងារល្អ ទើបខ្ញុំសម្រេចចិត្តចោលសិល្បៈ ហើយចេញទៅធ្វើការនៅកូរ៉េ ប៉ុន្តែជាលទ្ធផលខ្ញុំនៅតែបានក្លាយខ្លួនជាតារានៅក្នុងប្រទេសកូរ៉េ ដោយមានការទទួលស្គាល់ពីស្ថានទូតខ្មែរ និងពីសំណាក់ពលករខ្មែរដដែលទើបខ្ញុំសម្រេចចិត្តត្រលប់មកប្រឡូកសិល្បៈវិញ ក្រោយពេលខ្ញុំបញ្ចប់ការងារនៅទីនោះ!»។

លោកវីជេអាឡាស្កូ ត្រូវគេកត់សម្គាល់ថាជាតារាដែលមានត្រេមុខកូនកាត់ទាក់ទាញសម្រាប់ផលិតស្ពត និងFashion ទើបនៅលើបណ្ដាញហ្វេសប៊ុកគេឃើញតារារូបនេះទទួលបានការចាប់អារម្មណ៍ខ្ពស់មិនអន់ជាងតារាជួរមុខនៅក្នុងពេលពិភពសិល្បៈនោះទេ គ្រប់ពេលដែលលោកបង្ហោះរូបFashion មួយសន្លឹកៗ។ លោកក៏ត្រូវគេដឹងថាជាតារាដែលមានសមត្ថភាពច្បាស់លាស់ពាក់ព័ន្ធនឹងពិធីករ Fashion និងការរៀបចំកម្មវិធីសិល្បៈ ដោយក្នុងនោះលោកក៏ចេះភាសាកូរ៉េ ថៃ និងអង់គ្លេសអាចប្រើការបានមិនអន់ជាងភាសាកំណើតផងដែរ។ យ៉ាងណាមិញ តារាវ័យ២៧ឆ្នាំរូបនេះហាក់មិនទាន់ស្រវាស្រទិញការងារសិល្បៈដែលត្រូវការលោកដោយគំហ៊ុគនៅឡើយទេ ដោយសារតែលោកបញ្ជាក់ថាខ្លួននៅជាប់កុងត្រាក្នុងកម្មវិធីប្រកួតប្រជែងសមត្ថភាពរបស់ទូរទស្សន៍អប្សរា និងជាប់ដៃនាំចូលសំលៀកបំពាក់ ក៏ដូចជាគ្រឿងតុបតែងខ្លួនសម្រាប់ឡើងឆាកមកពីប្រទេសថៃ ហុងកុង និងពីកូរ៉េ សម្រាប់លក់តាមOnline និងជាប់រៀបចំបើកហាងនៅម្ដុំសំណង់១២នៅឡើយ។ ប៉ុន្តែលោកនៅតែសកម្មភាពក្នុងកម្មវិធីសប្បុរសធម៌ Event ក្រៅឆាក និងការថតFashion មិនសូវដាច់៕

photo_2016-06-01_22-38-34photo_2016-06-01_22-38-37photo_2016-06-01_22-38-42photo_2016-06-01_22-38-45photo_2016-06-01_22-38-48photo_2016-06-01_22-38-51photo_2016-06-01_22-38-54photo_2016-06-01_22-38-57photo_2016-06-01_22-39-01photo_2016-06-01_22-39-03photo_2016-06-01_22-39-06photo_2016-06-01_22-39-10photo_2016-06-01_22-39-14photo_2016-06-01_22-39-16photo_2016-06-01_22-39-19

មតិយោបល់