ភ្នំពេញៈ នៅវេលាម៉ោង១០ និង៤០នាទីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវលូ៥ សំណង់សូនី ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញុ មានករណីផ្ទុះអាវុធមួយលើក បណ្ដាលឲ្យបុរសម្នាក់រងរបួស។
ជនរងគ្រោះឈ្មោះ សាយ នឿន ភេទប្រុសអាយុ៤៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួលនៅខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិស្វាយពក ឃុំស្ពឹក ស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវគ្រាប់ចំកំប៉េះគូទខាងឆ្វេង ធ្លាយមកពោះ ចំនួន០១គ្រាប់ (របួសធ្ងន់) ។
ដំណើររឿង៖ នៅវេលាថ្ងៃកើតហេតុ មានទំនាស់ពាក្យសម្ដីគ្នា រវាងជនបង្កម្នាក់ ជាមួយក្រុមក្មេងស្ទាវចំនួនពីរម៉ូតូមានគ្នា ៤ នាក់ ពេលនោះជនសង្ស័យបាន
ដកកាំភ្លើងខ្លីមួយដើម មិនស្គាល់ម៉ាក បាញ់គំរាមទៅក្រុមក្មេងស្ទាវចំនួន១គ្រាប់ ហើយគ្រាប់នោះ បានផ្លាតទៅត្រូវជនរងគ្រោះ ដែលកំពុងលើកដាក់ឥវ៉ាន់ចេញពីឡានចម្ងាយប្រហែល ៣០ម៉ែត្រពីគូទំនាស់។ ក្រោយពេលផ្ទុះអាវុធហើយ ភាគីទំនាស់ បានជិះម៉ូតូគេចបាត់រៀងខ្លួនៗតែម្តង។
ភិនភាគជនសង្ស័យ ពាក់អាវធំខ្មៅដៃវែង ជិះម៉ូតូម៉ាកC125 មិនចាំស៊េរី ពាក់ស្លាកលេខ 7254 មិនចាំអក្សរពីខាងមុខ។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ហើយករណីនេះ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ដើម្បីរកមុខជនបង្ក មកទទួលខុសត្រូវចំពោះមុខច្បាប់៕
មតិយោបល់