សៀមរាបៈ យោងតាមផេកនគរបាលជាតិ បានឲ្យដឹងថា អតីតខារ៉ាអូខេមួយកន្លែងឈ្មោះ អ៊ិចអូច ដែលបច្ចុប្បន្នជាខារ៉ាអូខេ ហ្គាឡាក់ស៊ី ស្ថិតនៅក្នុងក្រុងសៀមរាបត្រូវបានអគ្គិភ័យឆាបឆេះនៅក្នុងបន្ទប់ឃ្លាំងស្តុកសម្ភារៈជួសជុល។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១១និង១០នាទី នៅក្រុមទី១២ ភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុង-ខេត្ត សៀមរាប។
សមត្ថកិច្ច បានឱ្យដឹងថាម្ចាស់ដីឈ្មោះ លឹម ជុង ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប បានជួលឱ្យឈ្មោះ ទូច ភេទប្រុស មិនស្គាល់ត្រកូល។
លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងទទួលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបានប្រាប់អោយដឹងថា៖ ករណីនេះបណ្ដាលមកពីឆេះឌីសង់ទ័រភ្លើងទើបបង្កអោយមានការឆាបឆេះកើតឡើង ហើយបង្កអោយទទួលរងការខូចខាតសម្ភារៈប្រើប្រាស់មានគ្រែនិងពូកមួយចំនួនទៀតផងដែរ។
ក្នុងនោះដែរសមត្ថកិច្ច ក៏បានជួយអន្តរាគមន៍ពន្លត់មិនអោយរាលដាលដល់កន្លែងផ្សេងៗ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៨គ្រឿង រថយន្តអាវុធហត្ថខេត្ត ចេញអន្តរាគមន៍ចំនួន៣គ្រឿង ប្រើទឹកអស់៦ឡាន រថយន្តអគ្គិភ័យស្នងការរដ្ឋាននគរបាលខេត្តចេញអន្តរាគមន៍ចំនួន០២គ្រឿង ដោយប្រើប្រាស់ទឹកអស់០៣ឡានបាញ់រលត់ជាស្ថាពរមិនរាលដាលឡើយ ៕
មតិយោបល់