ព័ត៌មានជាតិ

ករណីជនដៃដល់អារកសម្លាប់ប្លន់ម៉ូតូ បណ្ដាលឲ្យជនរងគ្រោះរបួសធ្ងន់ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: នៅវេលាម៉ោងប្រហែល ៩ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ មានករណីសម្លាប់ប្លន់យកម៉ូតូ តែមិនស្លាប់របួសធ្ងន់ ជនដៃដល់យកកាំបិតអាករ ប្លន់ អ្នករត់ម៉ូតូឌុប ត្រង់ចំណុចភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះឈ្មោះ លាស់ យ៉ាន អាយុ ៦៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង រងរបួសធ្ងន់ផ្នែកក និងក្បាលជាច្រើនកន្លែង ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

ដំណើររឿង៖ នៅមុនពេលកើតហេតុបុរសរងគ្រោះ បានចេញពីផ្ទះទៅរត់ម៉ូតូឌុបដោយជិះម៉ូតូម៉ាកហុងដា សេ125 ស៊េរី 011 ស្លាកលេខ បាត់ដំបង 1k 6043 មកឈរចាំនៅចំណុចដចម្លងទទឹង ភូមិចុងកោះ ដូចសព្វដងពេលនោះ ក៏មានជនសង្ស័យម្នាក់អាយុប្រមាណជាជាង ២០ឆ្នាំបានហៅម៉ូតូឌុបជនរងគ្រោះខាងលើជិះពីកំពង់ផែឆ្ពោះទៅផ្សារមាស លុះពេលទៅដល់ចំណុចកើតហេតុ បានឲ្យជនរងគ្រោះឈប់ម៉ូតូហើយ ក៏ធ្វើសកម្មភាពចាប់អាករប្លន់យកម៉ូតូ ប៉ុន្តែពេលនោះជនរងគ្រោះបានប្រតាយប្រតប់ រួចជនដៃដល់ក៏យកកាំបិតចាក់ជនរងគ្រោះ ត្រូវក្បាលជាច្រើនកន្លែង បន្ទាប់មកជនដៃដល់ក៏បានធាក់ជនរងគ្រោះ បណ្ដាលឲ្យដួលសន្លប់ហើយក៏យកម៉ូតូគេចជិះគេចខ្លួនបាត់ស្រមោលទៅ។

ក្រោយពេលកើតហេតុប្រជាពលរដ្ឋប្រទះឃើញ ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ច​ ចុះដល់ទីតាំងរកឃើញកាំបិត ចិតបន្លែដងខ្មៅ មួយ ប្រឡាក់សុទ្ធតែឈាម ក្រុមកម្លាំងជំនាញសន្និដ្ឋានថា ជារបស់ជនដៃដល់ ។

សូមបញ្ជាក់៖ ករណីខាងលើនេះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវរកមុខជនបង្កដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់