ព័ត៌មានជាតិ

Update៖ អាវុធហត្ថឃាត់ខ្លួនជនសង្ស័យ ២នាក់ក្នុង៤នាក់ ករណីឃាតកម្មរឹតកសម្លាប់ប្លន់រថយន្ត

កណ្តាល: នៅវេលាម៉ោង ១១និង០០នាទីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ជនសង្ស័យ ២នាក់ បានបញ្ជូនដល់អាវុធហត្ថខេត្តកណ្ដាល និងកំពុងស្វែងរកបក្ខពួកដែលគេចខ្លួនជាបន្តបន្ទាប់ អំពីករណីឃាតកម្មគិតទុកជាមុន (រឹតកសម្លាប់ប្លន់រថយន្ត) កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវជាតិលេខ៦A ម្តុំស្ពានទី២០ ស្ថិតក្នុងភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល រហូតមកដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣០ មានការរាយការណ៍ប្រទះឃើញសពជនរងគ្រោះ នៅចំណុចជាប់ផ្លូវជាតិលេខ៨A (ស្ពានព្រែករូង) ស្ថិតនៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្រោយពេលទទួលបានព័ត៌មានប្រទះសាកសពខាងលើ កម្លាំងជំនាញអាវុធហត្ថខេត្ត និងស្រុកខ្សាច់កណ្តាល បានចុះធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ ស្រាវជ្រាវរកអត្តសញ្ញាណសាកសព បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ មឿក សុភ័ណ្ឌ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី មានទីលំនៅបច្ចុប្បន្នភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ (ជនរងគ្រោះ ពាក់អាវ យឺតក្រៅដៃវែង ពណ៌ខ្មៅ ឆ្នូតលឿង អាវក្នុងពណ៌ទឹកប៉ិច ស្លៀកខោ ពណ៌ត្នោត ជើងវែង មានម្ពស់ប្រហែល ១,៥០សង់ទីម៉ែត្រ)។ សមត្ថកិច្ចជំនាញ និងអាជ្ញាធរភូមិឃុំបានធ្វើកោសល្យវិច័យ លើសាកសព គឺ៖ មានខ្សែភ្លើងពណ៌លឿង ប្រវែង ២,៦៤ម៉ែត្រ ចងកដៃទាំងសងខាង ចំនួន ៣ជុំ និងមានខ្សែក្រវ៉ាត់ប្រវែង១.០៩ម៉ែត្រ រឹតកជនរងគ្រោះ តាមការសន្និដ្ឋានគឺជា ករណីឃាតកម្ម និងបានប្រគល់សព ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។

បន្ទាប់ពីធ្វើការស្រាវជ្រាវលើករណីខាងលើនេះ កម្លាំងជំនាញបានកំណត់មុខសញ្ញាជនសង្ស័យបាន ហើយបានធ្វើការពន្លាតដែនដី សហការជាមួយកម្លាំងជំនាញ អ.ហ.ផ.ទ កម្លាំង អ.ហ ខេត្តព្រៃវែង និងកម្លាំង អ.ហ ខេត្តស្វាយរៀង និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាស្តីទីអមសាលាដំបូងខេត្តកណ្តាល និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ធ្វើការបង្រ្កាបជាក់ស្តែងឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ ក្នុងចំណោមបក្ខពួក ៤នាក់ ដែលបានធ្វើសកម្មភាព ឃាត់នៅវេលាម៉ោង ៧និង៣០នាទី ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានឈ្មោះ៖
១/ឈ្មោះ ម៉ី តាង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ មានទីនៅបច្ចុប្បន្នភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង(ឃាត់ខ្លួន)។
២/ឈ្មោះ ម៉ី សារិ ហៅ អាគិ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង (ឃាត់ខ្លួន)។
៣/ឈ្មោះ សុខ និមល ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង (គេចខ្លួន)។
៤/ឈ្មោះ ជា គង់ឌីណា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិច្រកឫស្សី សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង (គេចខ្លួន)។

វត្ថុតាងចាប់យករួមមាន៖
-រថយន្តម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AS-3209 ចំនួន១គ្រឿង (ស្លាកលេខដោះចេញ) និងសម្ភារ:មួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និងវត្ថុតាង បានបញ្ជូនមកដល់ អ.ហ ខេត្តកណ្តាល នៅវេលាម៉ោង ១១និង០០នាទី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី និងកំពុងបន្តស្រាវជ្រាវរកជនសង្ស័យដែលគេចខ្លួន៕

មតិយោបល់