សៀមរាបៈ យោងតាមផេកនគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី០២ រហូតដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៧ និង៤៥នាទី កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងជំនាញចម្រុះ និងអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំសម្របសម្រួលពីលោក សំរឹទ្ធិ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានបង្ក្រាប និងឆែកឆេរទីតាំងសន្និធិផល-អនុផលព្រៃឈើ០១កន្លែង ដែលមានទីតាំងស្ថិតនៅខាងលិចជាប់នឹងសណ្ឋាគារ អង្គរអេរ៉ា ANGKOR ERA HOTEL នៅក្នុងភូមិសាស្ត្រ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់អោយដឹងថា ក្នុងកិច្ចប្រតិបត្តិការឆែកឆេរទីតាំងសន្និធិផល-អនុផលព្រៃឈើនេះ ទទួលបានលទ្ធផលគឺ ឈើចម្រុះសរុបចំនួន ៥២៦.១៥៦ម៉ែត្រគូប ក្នុងនោះមានប្រភេទឈើគឺ៖
-ឈើអារតាប់ លេខ១ចំនួន ២៧៣.៤៦២ម៉ែត្រគូប
- ឈើប៉ាកេចំនួន ១៩០.៥៩៧ម៉ែត្រគូប
- ឈើសន្លឹកទ្វារចំនួន ៣៩៦ ស្មើ២៥.៨៤៨ម៉ែត្រគូប
- ឈើគ្រោងទ្វារចំនួន ១៨.៩០៤ម៉ែត្រគូប
- ឈើក្តាចំនួន ២.៤៦០ម៉ែត្រគូប
- ឈើដៃរណែងចំនួន ៥.៤៦០ម៉ែត្រគូប
- ឈើនីវ ចំនួន ៩.៤២៥ម៉ែត្រគូប។
ក្រោយពីក្រុមការងារ បានវាស់វែង និងត្រួតពិនិត្យរួចមកឃើញថា៖
-ឈើមានលិខិតអនុញ្ញាតមានចំនួន ២៧៤.៤៣៤ម៉ែត្រគូប។
-ឈើគ្មានលិខិតអនុញ្ញាតពីមន្ត្រីជំនាញមានចំនួន ២៥១.៧២២ម៉ែត្រគូប។
ចំពោះឈើដែលលើសចំនួន គឺគ្មាននៅក្នុងលិខិតអនុញ្ញាតរបស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ នឹងត្រូវបានដឹកជញ្ជូនទៅកាន់ទីតាំងខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដើម្បីអនុវត្តទៅតាមនិតិវិធីនៃច្បាប់ស្តីពីព្រៃឈើ៕






មតិយោបល់