កណ្តាលៈ កងរាជអាវុធហត្ថខេត្តកណ្តាលសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្តព្រៃវែង កងរាជអាវុធហត្ថខេត្តស្វាយរៀង បំបែកសំណុំរឿងករណីឃាតកម្មគិតទុកជាមុន (រឹតកសម្លាប់ប្លន់យករថយន្ត) បន្ទាប់ពីធ្វើការស៊ើបអង្កេត ស្រាវជ្រាវ អស់រយ:ពេលបីថ្ងៃ។ អនុវត្តនូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការបង្ក្រាប និងសង្គ្រោះពិសេសប្រសាសន៍ដឹកនាំ ព្រមទាំងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលលោកតែងតែយកចិត្តទុកដាក់ដាស់តឿនក្រើនរម្លឹកដល់ មេបញ្ជាការគ្រប់កងឯកភាព ពង្រឹងការយកចិត្តទុកដាក់បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទពិសេសបទល្មើសគ្រឿងញៀន បទល្មើសលួចឆក់ ប្លន់ ឃាតកម្មជាដើម។
ជាក់ស្តែងក្រោយពីប្រទះឃើញសាកសពជនរងគ្រោះ នៅវេលាម៉ោង ៨និង៣០នាទីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចជាប់ផ្លូវជាតិលេខ៨A (ស្ពានព្រែករូង) ស្ថិតនៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងស្រុកខ្សាច់កណ្តាល បានចុះធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ ស្រាវជ្រាវរកអត្តសញ្ញាណសាកសពតាមរយៈប្រកាសផ្សាយពត៌មាន (ភិនភាគនិងសម្លៀកបំពាក់សព) គឺរកឃើញថា៖
ជនរងគ្រោះមានឈ្មោះ មឿក សុភ័ណ្ឌ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី មានទីលំនៅបច្ចុប្បន្នភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជនរងគ្រោះពាក់អាវយឺតក្រៅដៃវែង ពណ៌ខ្មៅ ឆ្នូតលឿង អាវក្នុងពណ៌ទឹកប៉ិច ស្លៀកខោ ពណ៌ត្នោតជើងវែង មានកម្ពស់ប្រហែល ១,៥៥ម៉ែត្រ) រថយន្តជនរងគ្រោះត្រូវក្រុមជនសង្ស័យយកទៅផ្លុងចោលនៅកាស៊ីណូសៀងហៃ ស្រុកចន្រ្ទា ខេត្តស្វាយរៀង។
ដោយឡែកនៅកន្លែងកើតហេតុសមត្ថកិច្ចជំនាញ និងអាជ្ញាធរភូមិឃុំបានធ្វើការត្រួតពិនិត្យវត្ថុតាងជុំវិញកន្លែងកើតហេតុ និងបានធ្វើកោសល្យវិច័យ លើសាកសពគឺ៖ មានខ្សែភ្លើងពណ៌លឿង ប្រវែង ២,៦៤ម៉ែត្រ ចងកដៃទាំងសងខាង ចំនួន ៣ជុំ និងមានខ្សែក្រវ៉ាត់ប្រវែង១.០៩ម៉ែត្រ។
តាមការសន្និដ្ឋានគឺជាករណីឃាតកម្ម។ សាកសពសមត្ថកិច្ចជំនាញ អាជ្ញាធរមូលដ្ឋាន ប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។
ក្រោយពីកម្លាំងជំនាញកំណត់អត្តសញ្ញាណជនរងគ្រោះបានហើយ ទើបឈានកំណត់បានមុខសញ្ញាជនសង្ស័យ ហើយបានធ្វើការពន្លាតដែនដីសម្ថកិច្ចសហការជាមួយកម្លាំងជំនាញស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង និងខេត្តស្វាយរៀង ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញាស្តីទីអមសាលាដំបូងខេត្តកណ្តាល និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង រហូតបង្រ្កាបជាក់ស្តែងឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ជាបន្តបន្ទាប់ក្នុងចំណោមបក្ខពួក០៤នាក់ ដូចខាងក្រោម៖
កាលពីវេលាម៉ោង ៧និង៣០នាទី ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង
១.ឈ្មោះ ម៉ី តាង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ មានទីនៅបច្ចុប្បន្នភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង (ឃាត់ខ្លួន)។
២.ឈ្មោះ ម៉ី សារិ ហៅ អាគិ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង (ឃាត់ខ្លួន)។
-ម៉ោង ៧និង២៧នាទីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ផ្ទះជួល ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងឃាត់ជនសង្ស័យម្នាក់ទៀតឈ្មោះ ជា គង់ឌីណា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិច្រកឫស្សី សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង (ឃាត់ខ្លួន)។
នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថ ជនសង្ស័យទាំងបីនាក់បានសារភាពដូចៗគ្នាថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់មនុស្សប្លន់យករថយន្ត កាលពីវេលាម៉ោង ១និង៣០នាទីរំលងអាធ្រាតថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ៦A ម្តុំស្ពានលេខ២០ ស្ថិតក្នុងភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ហើយបានយកសាកសពទៅចោលត្រង់ចំណុចជាប់ផ្លូវជាតិលេខ៨A (ស្ពានព្រែករូង) ស្ថិតនៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងយករថយន្តជនរងគ្រោះទៅផ្លុងចោលនៅកាស៊ីណូសៀងហៃ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ហើយនាំគ្នារត់គេចខ្លួនមកក្រុងបាវិត ខេត្តស្វាយរៀង ពិតប្រាកដមែន។
វត្ថុតាងចាប់យករួមមាន៖
-រថយន្ត ចំនួន ១គ្រឿង ម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AS-3209 (ស្លាកលេខដោះចេញ)។
-កាំបិតបុ័ងតោ ១
-ទូរស័ព្ទ ៣គ្រឿង
-កាបូបស្ពាយ ១
-ខោខូវបោយជើងវែង ១
-អាវយឺត៥
-ខ្សែក្រវ៉ាត់ ១និងខ្សែភ្លើង ព្រមទាំងសម្ភារៈមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ និងវត្ថុតាងបានបញ្ជូនពីកងរាជអាវុធហត្ថខេត្តស្វាយរៀង មកកងរាជអាវុធហត្ថ
ខេត្តកណ្តាល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលចាត់ការតាមច្បាប់៕
មតិយោបល់