កណ្ដាលៈ នៅវេលាម៉ោង ៦ និង៣០នាទីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ លើផ្លូវលំ ស្ថិតក្នុងភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ដធុនធំ បើកបុកម៉ូតូ១គ្រឿងនៅខាងមុខ បណ្ដាលឲ្យស្លាប់បុរសម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ។
ជនរងគ្រោះឈ្មោះ សេង នឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុនរបរកម្មកររោងចក្រ មានទីលំនៅភូមិព្រៃត្បែង សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបរម៉ូតូម៉ាកហុងដាគុបជ្រុង ធុនសេ៥០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កណ្ដាល1K-6971 ។
ចំណែករថយន្ដបង្កជាប្រភេទរថយន្ដបែនដឹកដី ធុនធំ គ្មានស្លាកលេខ បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ (រត់គេចខ្លួន) ។
សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូគុបជ្រុង តាមបណ្ដោយផ្លូវលំ ធ្វើដំណើរពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ដមួយគ្រឿងធុនធំ ប្រភេទបែនដឹកដី ធ្វើដំណើរមកពីក្រោយម៉ូតូ ជនរងគ្រោះ បានបុកពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះស្លាប់មួយរំពេច រីឯរថយន្ដព្យាយាមបើករត់ បានចម្ងាយប្រហែល៨០០ម៉ែត្រ ទើបអ្នកបើកបរទុករថយន្តចោល រួចចុះរត់គេចខ្លួន។
ក្រោយពីមានហេតុការណ៍ សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុក បានចុះមកធ្វើការពិនិត្យកន្លែងកើតហេតុ និងវាស់វែង កសាងសំណុំរឿង រួចដកហូតយកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
រីឯសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់