ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនសិស្សវិទ្យាល័យជម្ពូវ័ន ២នាក់ ក្នុងចំណោម ៤នាក់ ករណី…

ភ្នំពេញៈ នៅវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ មានករណីឆក់ទូរស័ព្ទ ស្ថិតតាមបណ្ដោយផ្លូវ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យទី១ឈ្មោះ ហេង សម្បត្តិ អាយុ ១៨ឆ្នាំជនជាតិខ្មែរ ស្នាក់នៅផ្ទះម្ដុំជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរសិស្សវិទ្យាល័យជម្ពូវ័ន។
ជនសង្ស័យទី២ឈ្មោះ ម៉ុន បញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅម្ដុំជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះជាជនជាតិចិនមិនត្រូវបានស្គាល់ឈ្មោះ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ កំពុងតែដើរចុចទូរស័ព្ទតែម្នាក់ឯងតាមផ្លូវ៤៣០ មុខផ្ទះសំណាក់ផាហ្សិន ស្រាប់តែជនសង្ស័យចំនួន ៤នាក់ជិះម៉ូតូ ២គ្រឿង មួយគ្រឿងម៉ាក YAMAHA QBIX ឌុបគ្នា ២នាក់ និងមួយគ្រឿងទៀតម៉ាក Duke ពាក់ស្លាកលេខ ភ្នំពេញ 1CQ-4208 ជិះគ្នា ២នាក់ដូចគ្នា បានជិះមកក្បែរជនរងគ្រោះរួចធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនជាតិចិនខាងលើ តែមិនបានសម្រេចធ្វើឲ្យទូរស័ព្ទជ្រុះលើថ្នល់ ជនរងគ្រោះក៏ស្រែកឆោឡោទើបជនសង្ស័យ ដែលជិះម៉ូតូ QBIX បន្ថែមល្បឿនជិះគេចខ្លួនតែម្ដង។ ខណៈនោះមានប្រជាពលរដ្ឋ ស្ទុះរត់មកជួយឃើញជនសង្ស័យ ២នាក់ ជិះម៉ូតូ Duke ឃាត់ខ្លួនហើយរាយការណ៍ជូនសមត្ថកិច្ច ចុះមកដល់នាំទៅសាកសួរ នៅប៉ុស្តិ៍ទួលទំពូងទី២ ប៉ុន្តែករណីនេះ កើតឡើងក្នុងសង្កាត់ផ្សារដើមថ្កូវ ទើបប្រគល់ជនសង្ស័យទៅឲ្យប៉ុស្តិ៍ផ្សារដើមថ្កូវចាត់ការបន្ត។

បន្ទាប់ពីធ្វើការសាកសួរ និងចម្លើយសារភាពជនសង្ស័យឆ្លើយថា ពួកគេមានគ្នា ៤នាក់ តែអ្នកធ្វើសកម្មភាពឆក់មិនមែនជារូបគេឡើយ ប៉ុន្តែជាបក្ខពួកឈ្មោះ យុទ្ធ និងទី២ឈ្មោះ អានុ ក្រោយមកសមត្ថកិច្ចបានប្រគល់ទូរស័ព្ទជូនជនរងគ្រោះវិញ រីឯជនសង្ស័យបច្ចុប្បន្នឃាត់ខ្លួន នៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង និងស្រាវជ្រាវរកជនសង្ស័យដែលគេចខ្លួនបន្តទៀត៕

មតិយោបល់