ព័ត៌មានជាតិ

រថយន្តបែនដឹកដីមិនចាំស្លាកលេខ បើកបុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់២នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលរងយន្តបែនដឹកដី មិនចាំស្លាកលេខ បានបុកជាមួយម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្សរបួសធ្ងន់២នាក់ ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗ ចំណែករថយន្តបើកគេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេបានឃើញម៉ូតូម៉ាក ស្ស៊ុយសាគីនិច មួយគ្រឿង ពាក់ស្លាកលេខ ព្រៃវែង 1O- 9708 ធ្វើដំណើរគ្នា២នាក់ ក្នុងទិសដៅពីជើងទៅត្បូង រហូតមកដល់ចំណុចកើតហេតុ ក៏មានរថយន្តប្រភេទបែនដឹកដី មិនចាំស្លាកលេខ បើកបរក្នុងទិសដៅពីត្បូងទៅជើង ក៏បានបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូ២នាក់ រងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ ចំណែករថយន្តបន្ថែមល្បឿន បើកគេចខ្លួនបាត់ស្រមោលតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ បានចុះដល់ទីតាំងនិងយកសម្ភារ:ទៅរក្សាទុក ដើម្បីប្រគល់ជូនម្ចាស់វិញ ៕

មតិយោបល់