ព័ត៌មានជាតិ

បញ្ជូនខ្លួន ជនសង្ស័យ ៤នាក់ ទៅតុលាការ ក្នុងករណីលួច មានស្ថានទម្ងន់ទោស

បន្ទាយមានជ័យ: កម្លាំងកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន ជនសង្ស័យ ៤នាក់ ជាក្រុមធ្វើសកម្មភាព លួចកាបូបលុយ ពីអ្នកដំណើរចេញពីប្រទេសថៃ ចូលមកស្រុកខ្មែរ។ ការឃាត់ខ្លួននេះ បានធ្វើឡើង នៅវេលាម៉ោង៣ រសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នៅចំណុចច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យ ៣នាក់ ១.ឈ្មោះ វ៉ាន់ សក្តិ ប្រុសអាយុ ២៩ឆ្នាំ ២.ឈ្មោះ ភឹម គង់ ភេទ ប្រុស អាយុ ១៧ឆ្នាំ និង៣.មានឈ្មោះ យ៉ន ថុនា ប្រុស អាយុ ២២ឆ្នាំ ជនរងគ្រោះ បានធ្វើការទំនាក់ទំនងគ្នា ជាមួយជនសង្ស័យទាំង ៣នាក់ ថា នឹងជូនខ្លួន និងកូន ចេញពីផ្សាររោងគ្លឿ ចូលមកស្រុកខ្មែរ ដោយតម្លៃសមរម្យ និងពុំមានគ្រោះថ្នាក់។ ជនរងគ្រោះក៏យល់ព្រម លុះដើរបានបន្តិច ជនសង្ស័យទាំង ៣នាក់ បានជួបនឹងបក្សពួក ២នាក់ បន្តទៀត ពេលនោះជនសង្ស័យ បានធ្វើសញ្ញាឲ្យបក្សពួក ២នាក់ នោះ ចូលបន្លំលួចយកការបូបលុយ ពីជនរងគ្រោះ។ ក្រោយពីលួចលុយបានហើយ ចោរទាំង ៥នាក់ ក៏គេចខ្លួនបាត់អស់ ក្រោយពីកើតហេតុរួច ជនរងគ្រោះ បានមកដាក់ពាក្យប្តឹង នៅក្នុងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត។

ក្រោយពីបានទទួលពាក្យបណ្តឹងហើយ លោក ជា ដា បានដឹកនាំកម្លាំងអាវុធហត្ថ ជាច្រើននាក់ ចុះស្រាវជ្រាវ និងឈានដល់ឃាត់ខ្លួនជនសង្ស័យ បានចំនួន ៣នាក់ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ តែម្តង ជនសង្ស័យទាំង ៣នាក់នោះ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែត បញ្ជូនមកទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត។ អាវុធហត្ថ បានបន្ដទៀតថា នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ បានម្នាក់ទៀត ឈ្មោះ សើង សឿត ប្រុសអាយុ ៣០ឆ្នាំ ជាអ្នកចូលលួចបានកាបូបលុយ ពីជនរងគ្រោះហើយ ក៏បញ្ជូនមក ទីបញ្ជាការអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។

នៅមុខអាវុធហត្ថ ឈ្មោះ សើង សឿត បានឆ្លើយសារភាពថា ខ្លួនពិតជា បានចូលលួចកាបូបលុយ ពីជនរងគ្រោះពិតប្រាកដមែន ។ នៅក្នុងកាបូបមានលុយចំនួន ២ម៉ឺនបាទ និងគ្រឿងអលង្ការជាច្រើនទៀត លុយ និងគ្រឿងអលង្ការទាំងអស់នោះ ខ្លួន និងបក្សពួក បានចាយអស់ហើយ។ ក្រោយពីបានចម្លើយសារភាព ជនសង្ស័យទាំង ៤នាក់ នេះ ត្រូវបានបញ្ជូនខ្លួន ទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់៕

image_1image image_2

មតិយោបល់