ភ្នំពេញៈ នៅវេលាម៉ោង ២និង៥៥នាទីឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុករថយន្ត ស្ថិតតាមបណ្ដោយផ្លូវ១៩៨៦ កែងផ្លូវ១៩១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញបុរសម្នាក់ស្លៀកពាក់ស៊ីវិស មានសៀតវិទ្យុទាក់ទង(ID)នៅជាប់ខ្លួន ហើយមិនពាក់មួកសុវត្ថិភាព ជិះម៉ូតូ ១គ្រឿង ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ នគរបាល 1-7676 ជិះចេញពីកន្លែងផឹកស្រាក្រឡុកបញ្ច្រាស់ទិសផ្លូវ ក៏ជ្រុលទៅបុករថយន្ត១គ្រឿង ម៉ាក វីហ្គោ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2J-2965 ចំពីមុខពេញទំហឹង បណ្តាលឲ្យដួលរងរបួសស្រាល។
មូលហេតុ៖ សង្ស័យគាត់ពិសារគ្រឿងស្រវឹង។
ក្រោយពីកើតហេតុគេឃើញបុរសនោះ បានខលហៅគ្នីគ្នាសុទ្ធតែនគរបាលមកជួយអន្តរាគមន៍ ដោយរូបគាត់អះអាងថា រថយន្តជាអ្នកបើកមកបុកម៉ូតូរបស់ខ្លួន ចំណែកអ្នកបើកបររថយន្តវីហ្គោវិញ ប្រាប់សមត្ថកិច្ចចរាចរណ៍ថា មុនពេលកើហេតុ ខ្លួនបានបើករថយន្តពីកើតទៅលិច លុះមកដល់ចំណុចនេះ ខ្លួនបានបត់រថយន្តទៅស្តាំ ស្រាប់តែមានម៉ូតូ PCX បើកចេញពីកន្លែងលក់ស្រាក្រឡុក ក្នុងទិសដៅបញ្ច្រាស់ មកបុករថយន្តរបស់ខ្លួនតែម្តង រួចទារថ្លៃសំណងទឹកប្រាក់ចំនួន ៥០ដុល្លារដើម្បីបញ្ចប់រឿង។
សូមបញ្ជាក់៖ ករណីខាងលើនេះ ធ្វើឲ្យពលរដ្ឋមានការរិះគន់យ៉ាងចំពោះបុរសរូបនោះថា ប្រហែលជាអាងខ្លួនជាមន្រ្តីនគរបាលហើយមើលទៅ បានជាខ្លួនជិះម៉ូតូខុសច្បាប់ចរាចរណ៍បុករថយន្តគេរួចទារថ្លៃសំណងទៀត៕
មតិយោបល់