សៀមរាបៈ យោងតាមផេកមន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៨ខែកក្កដា ឆ្នាំ២០១៩ បាននិយាយថា ខណៈសត្វជ្រូកមួយចំនួន នៅខេត្តត្បូងឃ្មុំកំពុងតែកើតមានជំងឺប៉េស្តជ្រូកអាហ្វ្រិកនោះ សម្រាប់ខេត្ត សៀមរាប នាបច្ចុប្បន្ននេះ មិនមានការឆ្លងជំងឺប្រភេទនេះឡើយ ប៉ុន្តែមន្រ្តីជំនាញមិនបាននៅស្ងៀមទេ គឺបានតាមដាន ស្រាវជ្រាវយ៉ាងហ្មងចត់ និងជាប្រចាំទៅលើសុខភាពសត្វជ្រូកនៅទូទាំងខេត្ត និងបានណែនាំឱ្យអ្នកចិញ្ចឹមជ្រូក កន្លែងប្រមូផ្តុំជ្រូក និងទីផ្សារជ្រូកឱ្យធ្វើអនាម័យឱ្យបានជាប្រចាំ ដើម្បីធានាសុវត្ថិភាពដល់អ្នកបរិភោគសាច់ជ្រូក ជាពិសេសភ្ញៀវទេសចរដែលបានមកស្នាក់នៅកម្រាន្តសប្បាយនៅក្នុងខេត្ត ។
លោក ព្រំ វិច បានបញ្ជាក់ទៀតថា មន្រ្តីផលិតកម្មនិងបសុព្យាបាលខេត្តសៀមរាប បាននឹងកំពុងតែបង្កើនការត្រួតពិនិត្យ លើសុខភាពសត្វជ្រូកដែលត្រូវយកមកផ្គត់ផ្គង់ នៅលើទីផ្សារក្នុងខេត្តសៀមរាប ដូចជាការពិនិត្យសត្វជ្រូកដឹកតាមរថយន្ត តាមម៉ូតូ តាមកសិដ្ឋាន និងកន្លែងចិញ្ចឹមជាលក្ខណៈគ្រួសារ ដោយមានការបាញ់ថ្នាំសម្លាប់មេរោគជាមុនផងដែរ ពិសេសបានសហការ ជាមួយមន្រ្តីនគរបាលនៅគ្រប់មូលដ្ឋាន ធ្វើការត្រួតពិនិត្យ និងតាមជាប់ជានិច្ចអំពីបញ្ហាសុខភាពសត្វជ្រូក ជាពិសេសគឺជំងឺប៉េស្តជ្រូកអាហ្វ្រិក ។
លោក ព្រំ វិច បានអះអាងទៀតថា រាល់សត្វជ្រូកទាំងអស់ ដែលដាក់លក់នៅលើទីផ្សារនៅក្នុងខេត្តសៀមរាប គឺត្រូវតែមានត្រួតពិនិត្យពីមន្រ្តីជំនាញ ដែលមានបោះត្រានៅលើសាច់ជ្រូកតែម្តង ហើយក្រៅពីនេះមន្រ្តីជំនាញ ក៏បានហៅអ្នកដើរលក់សាច់ជ្រូកចល័ត មកអប់រំណែនាំឱ្យយកតែសាច់ជ្រូក ដែលមានសុវត្ថិភាពទៅលក់ ដោយមិនអនុញ្ញាតឱ្យវាយជ្រូកខ្លួនឯង យកសាច់ទៅលក់ដោយគ្មានការត្រួតពិនិត្យពីមន្រ្តីជំនាញនោះទេ។
លោក ព្រំ វិច បានបញ្ជាក់បន្ថែមទៀតថា សត្វជ្រូកដែលយកមកផ្គត់ផ្គង់ នៅក្នុងខេត្តសៀមរាបបច្ចុប្បន្ននេះ មានប្រមាណជា២០០ទៅ២៥០ក្បាលក្នុង១ថ្ងៃ ហើយសត្វជ្រូកទាំងនោះ គឺជាជ្រូកក្នុងស្រុក និងមានការនាំចូលពីប្រទេសថៃតិចតួច និងគ្មានការនាំចូលពីប្រទេសវៀតណាមនោះទេ ហើយបច្ចុប្បន្ននេះ សម្រាប់សាច់ជ្រូកដែលនាំចេញពីសត្តឃាតដ្ឋានយកទៅដាក់លក់នៅលើទីផ្សារក្នុងខេត្តសៀមរាប គឺគ្មានមេរោឆ្លងទេ ប្រជាពលរដ្ឋអាចបរិភោគបានដោយមានសុវត្ថិភាព។ពីព្រោះនូវរាល់សត្វជ្រូកទាំងអស់ដែលដឹកចូលសត្តឃាតដ្ឋាន មុន និងពិឃាតយកសាច់ជ្រូកទាំងអស់ត្រូវបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវពីមន្រ្តីជំនាញ ។
គួររំឭកថា ពាក់ព័ន្ធនឹងបញ្ហានេះ អាជ្ញាធរខេត្តសៀមរាប ធ្លាប់បានចេញសេចក្តីនាំណែមួយ ដោយជំរុញឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវចាត់តាំងកម្លាំងមន្ត្រីបសុពេទ្យខេត្ត-ស្រុក និងភ្នាក់ងារសុខភាពសត្វភូមិ និងរៀបចំសម្ភារបរិក្ខារបសុពេទ្យ សហការជាមួយអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ឬស្ថាប័នពាក់ព័ន្ធ ចុះធ្វើការត្រួតពិនិត្យណែនាំវិធានការច្បាប់ និងវិធានការបសុពេទ្យដល់អ្នកចិញ្ចឹមសត្វម្ចាស់អាជីវកម្មដ្ឋាន អាជីវករទិញ ដឹកជញ្ជូន ពិឃាតលក់ និងការកែច្នៃផលិតផលសត្វ ហើយក្នុងករណីចាំបាច់ ត្រូវបង្កើតទីតាំងត្រួតពិនិត្យសុខភាពសត្វបណ្តោះអាសន្ន និងទីតាំង ចត្តាឡីស័ក ធ្វើការត្រួតពិនិត្យអនាម័យសុខភាពសត្វ កំណត់ពីរបៀបដឹកជញ្ជូនសត្វ ផលិតផលសត្វ និងបាញ់ថ្នាំសម្លាប់មេរោគលើមធ្យោបាយដឹកជញ្ជូនសត្វ និងផលិតផលសត្វគ្រប់ប្រភេទ៕
មតិយោបល់