ព័ត៌មានជាតិ

កម្លាំងចម្រុះនគរបាលខណ្ឌពោធិ៍សែនជ័យ ប្រដេញបង្ក្រាបចាប់ជនសង្ស័យសកម្មឆក់បាន២នាក់

ភ្នំពេញៈ ជនសង្ស័យ២នាក់ ធ្វើសកម្មភាពខាងប្រព្រឹត្តបទល្មើសឆក់ ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវ ទីសាធារណៈ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ កម្លាំងបណ្តាប៉ុស្តិ៍រដ្ឋបាល ក្រោមបទបញ្ជាដ៍ម៉ឺងម៉ាត់ របស់លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ ប្រដេញតាមបង្ក្រាបចាប់ខ្លួនឲ្យតែបាន ក្រោយពីធ្វើសកម្មភាពផ្សេងៗ នៅមុខព្រលាន ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ដេញរហូតដល់ ក្នុងបរិវេណវត្តអង្គត្រគៀត ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល ដកហូតបានទាំងម៉ូតូ ដែលជនសង្ស័យជិះធ្វើសកម្មភាពមួយគ្រឿងផងដែរ កាលពីវេលាម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ នេះ ។

ជនសង្ស័យទាំង២នាក់ ឃាត់ខ្លួនបាន ទី១ ឈ្មោះ ចាន់ គង្គា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទី២ ឈ្មោះ ញឹប បូរ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ ជនសង្ស័យទាំង២នាក់ មានទីលំនៅភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ច ដកហូតបានម៉ូតូ មួយគ្រឿងម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FD-2169 ជាមធ្យោបាយ ជនសង្ស័យជិះធ្វើសកម្មភាព ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជាសង្ស័យជាមុខសញ្ញាសកម្មឆក់ទ្រព្យសម្បត្តិ ហើយមុនចាប់ខ្លួនបាន ជនសង្ស័យធ្វើសកម្មភាពឆក់ទូរស័ព្ទ នៅចំណុច ផ្លូវសហព័ន្ធរុស្សី ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ បានសម្រេចហើយ ជនសង្ស័យព្យាយាមបើកម៉ូតូរត់គេចខ្លួន ស្របពេលដែលកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ រួមជាមួយកម្លាំងបណ្តាប៉ុស្តិ៍រដ្ឋបាល ល្បាត ពួនស្ទាក់ ស្រាប់ ប្រដេញតាម ជនសង្ស័យបើករត់គេច រហូតចូលដល់បរិវេណវត្តអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល ត្រូវបានកម្លាំងប្រដេញតាម ស្ទាក់ ជនសង្ស័យភ័យ ផ្តួលម៉ូតូ ផ្លោះរបងវត្ត រត់កាត់វាលស្រែ កម្លាំងដេញតាមចាប់ខ្លួនបានទាំង២នាក់ ។

ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យទាំង២នាក់ រួមជាមួយម៉ូតូមួយគ្រឿង សមត្ថកិច្ចនាំទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

 

មតិយោបល់