ព័ត៌មានជាតិ

ស្រវឹងជោកជាំ បើករថយន្តព្យាយាមវ៉ាជែង ទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បាក់អស់មួយកង់

ភ្នំពេញ: បុរសម្នាក់បើករថយន្តចេញពីហាងផឹកស៊ី ក្នុងស្ថានភាពស្រវឹងជោកជាំ បានបោះពួយយ៉ាងលឿន ក៏ជ្រុលចង្កូតទៅបុកនិងក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តទៅមុខលែងរួច។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបផ្សារ៧មករា ស្ថិតតាមបណ្ដោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ត ម៉ាកហាយទ្បែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AP-3570 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង ដែលទើបតែបើកចេញពីហាងផឹកស៊ីមួយកន្លែង បំណងបើកត្រឡប់ទៅផ្ទះវិញ នៅឯផ្សារថ្មី។

ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៩ ក្នុងទិសដៅពីជើងទៅត្បូង ជាមួយល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលលើបានព្យាយាមបើកវ៉ាជែងខាងឆ្វេងរថយន្តមួយគ្រឿងទៀត មិនចាំម៉ាក ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុកនិងក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់ដួលអស់មួយកង់ ចំណែកឯរថយន្តបង្កបានកល់ជាប់និងក្បាលព្រួញពុះចែកទ្រូងផ្លូវ រងការខូចខាតក្រពឹតកាងខាងមុខចំហៀងឆ្វេងទៅមុខលែងរួច។

ក្រោយពេលកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋានម្នាក់ បានចុះមកដល់កន្លែងកើតហេតុ និងបានរាយការណ៍ជូនសមត្ថកិច្ចជំនាញ ឲ្យចុះមកធ្វើការវាស់វែង ប៉ុន្តែខណ:ដែលកំពុងរង់ចាំសមត្ថកិច្ចជំនាញយូរពេក ក៏ស្រាប់តែមានបក្ខពួកអ្នកបើករថយន្តបង្កបួនប្រាំនាក់ នាំគ្នាមកទាញយករថយន្តចេញ និងលើកតម្រង់ក្បាលព្រួញពុះចែកទ្រូងផ្លូវឡើងវិញ រួចក៏នាំគ្នាបើករថយន្តបង្កគេចចេញពីកន្លែងកើតហេតុ បាត់ស្រមោលទៅ រីឯសមត្ថកិច្ចមូលដ្ឋានបានត្រឹមតែយកទូរស័ព្ទដៃ មកថតស្លាកលេខរថយន្តបង្កខាងលើ រាយការណ៍ជូនថ្នាក់លើប៉ុណ្ណោះ៕

មតិយោបល់