ព័ត៌មានជាតិ

ខឹងប្រពន្ធមិនចូលផ្ទះ គំរាមដុត… ត្រូវសម​ត្ថកិច្ចឃាត់ខ្លួន

កណ្ដាលៈ កាលពីវេលាម៉ោង ៦ និង៤០នាទីល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ មានអំពើហិង្សាក្នុងគ្រួសារ ត្រង់ចំណុចភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តណ្ដាល។

ជនរងគ្រោះ ឈ្មោះ ណន រឿន ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិឃុំ-កើតហេតុ (ត្រូវជាប្រពន្ធ)។ ជនសង្ស័យ ឈ្មោះ ធឿន ធន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិ-ឃុំកើតហេតុ (ត្រូវជាប្តីឃាត់ខ្លួន)។

សម្ភារ:ខូចខាត៖
-បែកពាងទឹកចំនួន០១
-កំពិតកាធុនដែកចំនួន០២ ខោអាវ និងសម្ភារៈមួយចំនួនទៀត។

ដំណើររឿង៖ នៅវេលាម៉ោង៧ និង០០នាទីព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ឈ្មោះ ណន រឿន បានរៀបចំឥវ៉ានចាប់ហួយលក់ដូរ នៅក្រោមផ្ទះដូចធម្មតាដែរ។ ចំណែកឈ្មោះ ធឿន ធន នៅដេកលើអង្រឹងក្រោមផ្ទះ រអ៊ូរទាំតែម្នាក់ឯង បន្ទាប់មកឈ្មោះ ណន ស្រី បានចេញពីផ្ទះទៅទិញម្ហូបនៅផ្សារដល់វេលាម៉ោង៨ និង០០នាទីឈ្មោះ ណន រឿន ត្រឡប់មកពីផ្សារដល់ផ្ទះវិញ និងរៀបចំធ្វើម្ហូបហូបបាយ ឯឈ្មោះ ធឿន ធន នៅតែដេកលើអង្រឹងរអ៊ូរទាំគំរាមរករឿងប្រពន្ធ រហូតដោយខ្លាចប្តីប្រើហិង្សាវាយដំខ្លួន ឈ្មោះ ណន រឿន បាននាំកូនដើរគេចចេញ ទៅអង្គុយនៅផ្ទះអ្នកជិតខាង។

លុះនៅវេលាម៉ោង១១ និង០០នាទីថ្ងៃដដែល ដោយសារខឹងប្រពន្ធមិននៅផ្ទះឈ្មោះ ធឿន ធន បានងើបពីអង្រឹងទៅទាញឥវ៉ាន់ចាប់ហួយដែរ ប្រពន្ធលក់ដូរមានដូចជាប៊ីដុងដាក់សៀង យកធុងអង្ករទៅចាក់ចោលបណ្តាលឲ្យកំពប់រាយប៉ាយ និងឥវ៉ាន់លក់ដូរមួយចំនួនទៀត ខូចខាតផងដែរ។

បន្ទាប់មកឈ្មោះ ធឿន ធន បានវាយកាធុនដែកកំពិតខូចខាតចំនួនពីរ យកដុំថ្មគប់ពាងទឹកបែកចំនួនមួយ ព្រមទាំងប្រមូលខោអាវដុតឆេះខូចខាតថែមទៀត ពេលនោះឈ្មោះ ធឿន ធន បានស្រែកគំរាមប្រពន្ធថា បើមិនចូលផ្ទះអញដុតផ្ទះចោល ហើយឈ្មោះ ធឿន ធន បានឡើងទៅលើផ្ទះរើកកាយខោអាវ និងច្រានទូរ បណ្តាលឲ្យដួល។

ឃើញសភាពដូច្នេះឈ្មោះ ណន រឿន បានទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកអំពិល ទើបកម្លាំងប៉ុស្តិ៍ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល អនុវត្តតាមនីតិវិធី៕

មតិយោបល់