តាកែវៈ គ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នា ក្នុងថ្ងៃតែមួយ រវាងម៉ូតូនិងរថយន្តបុកគ្នានៅស្រុកបាទី បណ្ដាលឲ្យរបួសធ្ងន់ស្រាលមនុស្ស ៣នាក់។
ករណីទី១៖ នៅវេលាម៉ោង ៨និង២០នាទីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ ៤៥-៤៦ ស្ថិតនៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ រវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា។
ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខតាកែវ 1M 4872 បើកបរដោយឈ្មោះ ឆន ប្រុស ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី (រងរបួសធ្ងន់) ធ្វើដំណើរពីត្បូងទៅជើង។
មកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AQ 3147 បើកបរដោយឈ្មោះ ញឹម វីរៈ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិដើមក្រាយ ឃុំត្រពាំងសាប ស្រុកបាទី (គ្មានរបួស)។
ករណីទី២៖ នៅវេលាម៉ោង៩និង០០នាទីយប់ នៅលើផ្លូវខេត្តលេខ១២២ ចន្លោះគីឡូម៉ែត្រលេខ ៧-៨ ស្ថិតក្នុងភូមិស្តុក ឃុំកុមារាជា ស្រុកបាទី រវាងរថយន្ត និងម៉ូតូពីរគ្រឿង។
រថយន្តម៉ាកតាកុមា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AX 5684 ធ្វើដំណើរពីកើតទៅលិច មិនស្គាល់អត្តសញ្ញាណអ្នកបើក (រត់គេចខ្លួនបាត់) បានបុកជាមួយម៉ូតូម៉ាក ZOOMER X ពណ៌សលាយក្រហម ពាក់ស្លាកលេខតាកែវ 1M 1850 បើកដោយឈ្មោះ ស៊ិន សុខសំ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិស្តុក ឃុំកុមារាជា ស្រុកបាទី (រងរបួសធ្ងន់)។
ដោយខណៈនោះក៏មានម៉ូតូមួយគ្រឿងទៀត ម៉ាក Beet ពណ៌សលាយក្រហម បានមកប៉ះនិងរថយន្តខាងលើ អ្នកបើកបរឈ្មោះ មុក សំណាង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិស្តុក ឃុំកុមារាជា ស្រុកបាទី (រងរបួសស្រាល)។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីវាស់វែង និងយកវត្ថុតាង ទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបាទី រង់ចាំដោះស្រាយពេលក្រោយ។ រីឯជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ៕
មតិយោបល់