ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍ គួរឲ្យស្រៀវខ្លួន ហើយក៏ជាសំណាងមួយដែរ សម្រាប់បុរសម្នាក់ ក្រោយពីរថយន្តប្រភេទកុងតឺន័រ បើកបុកកិនម៉ូតូស្កុបពី ពីក្រោយជាប់ក្រោមកង់រថយន្ត ហើយអ្នកបើកបរម៉ូតូលោតផុត គ្រាន់តែរបួសស្រាល។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង១០ និង២០នាទីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវ៣០ម៉ែត្រ កែងផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ជាប់ព្រំប្រទល់ជាមួយ សង្កាត់ពងទឹក ខណ្ឌដង្កោ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូ ម៉ាកស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1DG-5535 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច លើផ្លូវ៣០ម៉ែត្រ លុះដល់កែងផ្លូវជាតិលេខ៣ រៀបនឹងបត់ស្តាំ ស្រាប់តែរថយន្តបង្ក ប្រភេទកុងតឺន័រ ម៉ាក FUSO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3E-1742 បើកស្របទិស ជ្រុលទៅបុកកិនពីក្រោយ បណ្តាលឲ្យកង់រថយន្តកិនជាប់ពីលើម៉ូតូ ផ្នែកខាងក្រោយ ហើយក៏ជាសំណាងល្អមួយក្នុង១០០០គ្រោះថ្នាក់ អ្នកបើកបរម៉ូតូ លោតផុត គ្រាន់តែរងរបួសស្រាល រលាត់ដៃជើង ។
ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ច ប៉ុស្តិ៍ ចុះទៅអន្តរាគមន៍ ដើម្បីសម្រួលចរាចរណ៍ យករថយន្ត និងម៉ូតូ ក្នុងអង្គហេតុខាងលើចេញដាក់កៀនខាង បញ្ជៀសនូវវិប្បត្តិកកស្ទះចរាចរណ៍ ហើយខាងតំណាង ក្រុមហ៊ុនរថយន្តក៏មកដល់ សុំធ្វើការសម្របសម្រួល ចេញថ្លៃជួសជុលម៉ូតូ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕
មតិយោបល់